(ប៉ារីស)៖ ប្រាក់រង្វាន់ចំនួន ៤.៤លានដុល្លារអាមេរិករបស់ UEFA បានត្រៀមរួចរាល់ហើយសម្រាប់ជូនក្រុមទទួលបាន ជ័យជំនះប៉ូឡូញ ឬព័រទុយហ្គាល់ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេស បារាំង។
នៅលើគេហទំព័រផ្ទាល់របស់ UEFA បានបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានធ្វើការបែងចែកប្រាក់រង្វាន់ទៅដល់ ២៤ជម្រើសជាតិសាសន៍ អស់ជាងពាក់កណ្តាលហើយ ហើយក៏បាន រៀបចំប្រាក់ ៤.៤លានដុល្លារបន្ថែមផងដែរ សម្រាប់ក្រុមណាកក់កៅអីឡើងទៅវគ្គ៤ក្រុមចុងក្រោយមុនគេ។
សូមបញ្ជាក់ផងដែរថា ទឹកប្រាក់ចំនួន ៤.៤លានដុល្លារនេះដែរ នឹងធ្វើការចែកជូនទាំង ៤ក្រុមដែលបានឆ្លងផុតវគ្គ៨ក្រុម ក្រោយបញ្ចប់ការប្រកួតថ្ងៃទី០១-០៤ ខែកក្កដា ឆ្នាំ២០១៦ តែសម្រាប់ក្រុមចាញ់ហាលអាវ UEFA មិនបានបញ្ជាក់ថា ទទួលបានប្រាក់រង្វាន់ប៉ុន្មាននោះឡើយ ដោយគ្រាន់តែបង្ហើបប្រាប់ថា គ្រប់ក្រុមទាំង ២៤ក្រុមដែលបានឆ្លងផុតវគ្គជម្រុះ ឡើងមកលេងវគ្គចែកពូលនៅបារាំងលើកនេះ បង់សិទ្ធិចូលរួមប្រកួតចំនួន ៩លានដុល្លារ។
សម្រាប់រាត្រីម៉ោង ២រំលងអាធ្រាត្រឆ្លងចូលព្រឹកថ្ងៃសុក្រ ទី០១ កក្កដានេះ ជាការប្រកួតដ៏ស្វិតស្វាញរវាងក្រុមជម្រើស ជាតិប៉ូឡូញ ប៉ះក្រុមព័រទុយហ្គាល់ បើកឆាកក្នុងវគ្គ ៨ក្រុមចុងក្រោយមុនគេ ដែលជាការប្រកួតលើកទី៤៥ នៃ Euro 2016 លើកទី១៥នេះ មុនពេលវ៉េល ប៉ះប៊ែលហ្ស៊ិក ថ្ងៃទី០២ កក្កដា, អាល្លឺម៉ង់ ប៉ះអ៊ីតាលី ថ្ងៃទី០៣ កក្កដា និងម្ចាស់ផ្ទះ បារាំង ប៉ះអ៊ីស្លង់ យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦៕