(ភ្នំពេញ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១១តំបន់ ក្នុងនោះមាន៣តំបន់ ដែលមាន រោងចក្រកំពុងដំណើរការ និងរោងចក្រសរុបចំនួន២៣៩រោងចក្រ។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក គួច ចំរើន បានបញ្ជាក់ថា រោងចក្រក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួនសរុប១៦៨រោងចក្រ និងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួនសរុប៧១រោងចក្រ មានកម្លាំងពលកម្មសរុបចំនួន៣៤,៤៧៩នាក់ មានទុនវិនិយោគសរុបចំនួន២,២១១,៦៧១,០០០ដុល្លារ។
ដោយឡែក សម្រាប់វិស័យឧស្សាហកម្មធុនតូច (សហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម) លោកអភិបាលខេត្ត បានបញ្ជាក់ថា មានសហគ្រាស និងសិប្បកម្ម សរុបចំនួន១,២១៣មូលដ្ឋាន ក្នុងនោះ មានកម្លាំងពលកម្ម ៦,២៣១នាក់ មានទុនវិនិយោគ ២៦,៦៩៩,៦១៩ដុល្លារ។
បើតាមលោក គួច ចំរើន អត្រាប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋមា្នក់ៗ នៅខេត្តព្រះសីហនុ មានចំនួន៤,១៨០ដុល្លារ និងមានអត្រាកំណើនសេដ្ឋកិច្ច ៦.៨ភាគរយ ដែលធ្វើឲ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តថយចុះមកត្រឹម ១.៨៦ភាគរយ នៅឆ្នាំ២០២២។
លោកបន្ថែមទៀតថា ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ សក្តានុពលរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើការ) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបាន ប្រសិទ្ធនាមជា «តារារៈនាទិសនិរតី»៕