(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី ​ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនទាំងអស់ ដែលកន្លងមក បានខិតខំប្រឹងប្រែង រហូតទទួលជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់ទាំង៩ក្រុងស្រុក ដូច្នេះត្រូវបន្តយកជ័យជម្នះនេះ សម្រាប់ការរបោះឆ្នោតសភាខាងមុខនេះបន្តទៀត។

លោកបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធអាគារទីស្នាក់ការគណបក្សឃុំឬស្សីក្រោក ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក ខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត, លោកឧកញ៉ា នូ ស៊ីថា ប្រធានក្រុមការងារខេត្តចុះមូលដ្ឋានឃុំឬស្សីក្រោក, លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី រដ្ឋបាលស្រុក រដ្ឋបាលឃុំ មន្ត្រី និងប្រជាពលរដ្ឋជាច្រើននាក់។

លោកស្រី ជិម សៅឌី ប្រធានគណៈកម្មកាធិការគណបក្សឃុំឬស្សីក្រោក បានអានរបាយការណ៍សាងសង់អគារទីស្នាក់ការគណបក្សឃុំថា តួអាគារមានទំហំ ៤៣៧.៥១ម៉ែត្រការ៉េ មានបណ្តោយ ២២.៣៥ម៉ែត្រការ៉េ ទទឹង១៤.២៥ម៉ែត្រការ៉េ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ចំណាយអស់ទឹកប្រាក់សរុប ១៦២.៩០០ដុល្លារ។

លោកឧកញ៉ា នូ ស៊ីថា បានថ្លែងថា អគារទីស្នាក់ការគណបក្សឃុំឬស្សីក្រោក បានកើតឡើងនេះដោយសារតែលោក និងសហការីទាំងអស់ ព្រមទាំងសប្បុរសជន បានផ្តល់គំនិតផ្ដួចផ្ដើមលះបង់កម្លាំងកាយចិត្ត ចំណាយពេលវេលា និងឧបត្ថម្ភថវិកាកសាងអគារទីស្នាក់ការ រួមទាំងសមិទ្ធផលជាច្រើន ចេញជារូបរាងគួរជាទីមោទនៈក្រៃលែងនេះ។

ជាងនេះទៅទៀតគណបក្សឃុំ នឹងបន្តខិតខំប្រឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុង អនុវត្តតាមគោលនយោបាយរបស់គណបក្ស ថែរក្សាសមាជិកចាស់ និងពង្រឹងសមាជិកថ្មី និងខិតខំធ្វើអំពើល្អដើម្បីឲ្យប្រជាពលរដ្ឋស្រឡាញ់គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បន្តទៀត។

ក្នុងនោះលោក អ៊ុំ រាត្រី បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម មនុស្សធម៌ និងការងារគណបក្ស និងធ្វើការវាយបកលើបច្ចាមិត្តយ៉ាងសកម្មផងដែរកន្លងមក។

ជាមួយគ្នានោះលោក អ៊ុំ រាត្រី បានជំរុញ និងក្រើនរំលឹកដល់ក្រុមការងារគណបក្សប្រជាជន ខេត្ត ក្រុង ស្រុក និងក្រុមការងារយុវជនសកម្មជនឃុំសង្កាត់ទាំងអស់ បន្តសកម្មភាព ជាសេនាធិការជូនគណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើសកម្មភាពចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក្នុងសហគមន៍ និងបន្តធ្វើអំពើល្អ សកម្មភាពមនុស្សធម៌ គ្រប់កាលៈទេសៈផងដែរ។

លោកក៏បានផ្តាំផ្ញើរដល់​ក្រុមការងារទាំងអស់ ​ត្រូវ​ចូល​រួម​ជួយ​សកម្មភាព​ក្នុង​មូលដ្ឋាន និងត្រូវជួយផ្សព្វផ្សាយនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដើម្បី​បន្ត​ថែ​រក្សា​ឲ្យ​បាន​នូវសុខសន្តិភាពដែលមានមកដល់បច្ចុប្បន្ននេះផងដែរ៕