(រតនគិរី)៖ ទោះបីរាជរដ្ឋាភិបាល មិនមានគោលការណ៍ឲ្យយកលុយពីថ្លៃកសិផលនាំចេញទៅប្រទេសជិតខាងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបន្តយកថ្លៃសេវាក្រៅផ្លូវការ ច្រើនដដែល។ នេះបើតាមក្រុមអាជីវករដែលរកស៊ីនាំកសិកផលកសិកម្មនាំទៅកាន់វៀតណាម បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកុម្ភៈនេះ។

ជាក់ស្តែងនៅថ្ងៃព្រឹកថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមអាជីវកររកស៊ីដឹកកសិផល និងផ្លែឈើទៅវៀតណាម បានរៀបរាប់ថា ក្រុមសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវ រួមមាន៖ គយស្នាក់ការ, កម្លាំងនគរបាលអន្តោប្រវេសន៍ និងប្រធានច្រកទ្វារអន្តរជាតិ តំណាងសាលាខេត្តរតនគិរី បានយកថ្លៃរថយន្តដឹកទំនិញផ្សេងៗ ដោយកំណត់ទៅតាមប្រភេទរថយន្តតូច-ធំ បង់លុយគ្មានវិក័យបត្រទេ។

ពួកគាត់បន្តថា ទំនិញសព្វថ្ងៃសម្រុកដឹកចេញទៅវៀតណាមមានដូចជាដំឡូងមី, គ្រាប់ស្វាយចន្ទីរ, ផ្លែស្វាយ, ផ្លែល្ពៅ, ផ្លែតាង៉ែន, អុសឈើចន្ទី, អុសកៅស៊ូ, ជ័រកៅស៊ូមិនទាន់កែច្នៃ, ធ្យូង (ផល-អនុផលព្រៃឈើ) ជាដើម។

បើតាមក្រុមអាជីវករ កត្តាខាងលើនេះហើយនាំច្រកទ្វារអន្តជាតិអូរយ៉ាដាវ មិនសូវមានទំនិញចេញ-ចូល។ ជនជាតិវៀតណាមចេញ-ចូល រកស៊ីវាយត្រាប៉ាស្ព័រម្តងតម្លៃ២ម៉ឺនរៀល ថ្លៃជាងបណ្តាច្រកអន្តរជាតិនានានៅបណ្តាខេត្តផ្សេងៗ នាំឲ្យចរន្តសេដ្ឋកិច្ចកាន់តែរួមតូច។ ដូច្នេះទើបក្រុមឈ្មួញមិនសូវដឹកទំនិញគ្រប់ប្រភេទទៅវៀតណាម ឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវទេ។

ទាក់ទិនទៅនឹងបញ្ហាខាងលើនេះនៅរសៀលថ្ងៃនេះភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីលោក ស៊ូ សិរី អ្នកនាំពាក្យសាលាខេត្តរតនគិរីបានទេ រីឯលោកឧត្តមសេនីយ៍ត្រី ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទូរស័ព្ទចូលច្រើនលើកប៉ុន្តែគ្មានអ្នកទទួល៕