(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោកឧត្តមសេ​នីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ នេះបើយោងតាមអនុក្រឹត្យ របស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ អនុក្រឹត្យនោះក៏បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ត្រូវឲ្យចូលបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។

សូមជំរាបថា ការសម្រេចដកតួនាទី ឧត្តមសេនីយ៍ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយសារតែអង្គភាពរបស់ខ្លួនដកបញ្ឈជើង ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិនគោរពភ្លើងសញ្ញា ប៉ះចំរថយន្ដលោឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនីយ Facebook មួយឈ្មោះ សុវណ្ណ រីហ្គេន ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងគណនី Facebook នោះបានបញ្ជាក់ថា «ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-9562 ដែលបើកបរមិនគោរពភ្លើងសញ្ញា ហើយថែមទាំងមិនទទួលខុសត្រូវ និយាយមិនសមរម្យ មកលើខ្ញុំបាទ ដោយបាននិយាយប្រាប់ខ្ញុំថា ខ្លួនជាឧត្តមសេនីយ៍ហែ្អងអត់ស្គាល់អញទេ ឥឡូវខ្ញុំត្រូវបានអង្គភាពដកបញ្ឈរជើង»។

ឆ្លើយតបការចង់បាន និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ ទីបំផុតនៅវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ មន្រ្តីនគរបាលពាក់ផ្កាយ៣ គឺលោក ម៉ម ស្រ៊ីមវណ្ណា និងមន្រ្តីនគរបាលចរាចរណ៍ពាក់ស័ក្តិ១ នឹងជួបមុខគ្នាដើម្បីធ្វើការសម្របសម្រួល ព្រមទាំងការស្វែងយល់ចិត្តគ្នាទៅវិញទៅមក ចំពោះកងកម្លាំងប្រដាប់អាវុធនៅអង្គភាពផ្សេងគ្នា។

លោក ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh Newsថា «ត្រូវហើយ នៅម៉ោង៤រសៀលថ្ងៃនេះ នឹងមានការជួបគ្នារវាងពួកគេទាំង២នាក់ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការសម្របសម្រួល និងយល់ចិត្តគ្នាលើរឿងនេះ»