(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើ «របាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃនៃការអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវឌ្ឍនភាពប្រចាំត្រីមាសទី ៤ និងឆ្នាំ ២០២២» តាមរយៈប្រព័ន្ធ Video Conference ។
ប្រចាំត្រីមាសទី៤ និងឆ្នាំ ២០២២ ការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានវឌ្ឍនភាពល្អប្រសើរ លើគ្រប់សមាសធាតុនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
«ផែ្នកភាពជឿទុកចិត្តនៃថវិកា» គឺនៅតែសម្រេចបានជាសារវន្ត ថវិការដ្ឋឆ្នាំ២០២២ (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កម្រិតរដ្ឋបាលរាជធានី-ខេត្ត) ប្រមូលបាន ១០៦.១ % (២៦ ៨៥៧ ប៊ីលានរៀល) ធៀបនឹងច្បាប់ថវិកា។
ក្នុងក្របខណ្ឌនៃការប្រមូលចំណូលនេះ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលបាន ១០៥.៤%, អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន ១១៧.៣% និងចំណូលមិនមែនសារពើពន្ធប្រមូលបាន ១០៧.៣ % ធៀបនឹងច្បាប់ថវិកា។ សម្រាប់ចំណូលថវិកាថ្នាក់ក្រោមជាតិ, ចំណូលសារពើពន្ធសម្រេចបាន ១២២.២% និងចំណូលមិនមែនសារពើពន្ធសម្រេចបាន ៩៤.៣% ធៀបនឹងច្បាប់ថវិកា។
រីឯចំណាយថវិកាជាតិសរុប សម្រេចបាន ៨១.៦៩% ធៀបនឹងច្បាប់ថវិកា ក្នុងនោះចំណាយបៀវត្សរ៍សម្រេចបាន ៩៦.២៣% ធៀបនឹងច្បាប់ថវិកា, ចំណាយទំនិញ-សេវាសម្រេចបាន ៨៣.៧៧% ធៀបនឹងច្បាប់ថវិកា និងចំណាយវិនិយោគសម្រេចបាន ៧៤.៥៣% ធៀបនឹងច្បាប់ថវិកា។
«ប្រព័ន្ធ Financial Management Information System - FMIS» ត្រូវបានបន្តដាក់ឱ្យអនុវត្តជាផ្លូវការ នៅតាមរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន១០បន្ថែម។ ចំពោះការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS (Business Process Streamlining) មានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន បានអនុវត្តនីតិវិធីចំណាយថវិកាចរន្ត លើគ្រប់មុខសញ្ញា តាមប្រព័ន្ធ FMIS ទាំងស្រុង ខណៈក្រសួង-ស្ថាប័នចំនួន ៣៤/៣៧ បានអនុវត្តនីតិវិធីចំណាយបៀវត្ស និងនីតិវិធីទូទាត់ត្រង់តាមប្រព័ន្ធ FMIS ទាំងស្រុង។
សម្រាប់ការអនុវត្តមុខងារថ្មី គឺមុខងាររៀបចំផែនការថវិកា ត្រូវបានដាក់ឱ្យអនុវត្ត នៅក្រសួង-ស្ថាប័នចំនួន១១បន្ថែម (សរុប១៣ ក្រសួង-ស្ថាប័ន) ខណៈមុខងារកិច្ចលទ្ធកម្មពេញលេញ ត្រូវបានដាក់ឱ្យអនុវត្តនៅគ្រប់ក្រសួង-ស្ថាប័ន។ បន្ថែមពីនេះ, រដ្ឋបាលស្រុកចំនួន៧៥ និងរដ្ឋបាលឃុំចំនួន១៨៥ បានប្រើប្រាស់សាកល្បងប្រព័ន្ធឯកសារឌីជីថល (FMIS Portal V1) ជាផ្លូវការ។
«ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងទិន្នន័យ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)» ត្រូវបានបន្តដាក់ឱ្យអនុវត្ត ដល់កម្រិតរដ្ឋបាលក្រុង ស្រុកខណ្ឌ។ ការដាក់ឱ្យអនុវត្តប្រព័ន្ធ SARMIS បានជួយជំរុញឱ្យការរៀបចំបញ្ជីសារពើភណ្ឌក្នុងឆ្នាំ២០២១ កើនដល់៨៧% (២៦៤៣/៣០៥៣ អង្គភាពប្រើប្រាស់) និងរំពឹងថាមានការកើនឡើងបន្ថែមទៀត បន្ទាប់ពីដាក់ឱ្យអនុវត្តដល់រដ្ឋបាលឃុំ-សង្កាត់។
«ថវិកាកម្មវិធី» ត្រូវបានដាក់ឱ្យអនុវត្តនៅគ្រប់ក្រសួង-ស្ថាប័នចាប់ពីឆ្នាំ ២០១៥-២០១៨ និងគ្រប់រដ្ឋបាលរាជធានី ខេត្ត ឆ្នាំ២០១៧-២០២១ ។ គិតត្រឹមឆ្នាំ ២០២២, អង្គភាពថវិកាមានចំនួនសរុប ៩៤០ ដែលក្នុងនោះរដ្ឋបាល ថ្នាក់កណ្តាល មានចំនួន ៣៣៧ និងថ្នាក់មូលដ្ឋាន (មន្ទីរជំនាញរាជធានី ខេត្ត)ចំនួន ៦០៣។ សម្រាប់ថ្នាក់កណ្តាល, មានអង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ៨៧ និងមិនទាន់ផ្ទេរសិទ្ធិពេញលេញចំនួន ២៥០ និងសម្រាប់ថ្នាក់មូលដ្ឋាន គ្រប់អង្គភាពថវិកាទាំងអស់ ត្រូវបានផ្ទេរសិទ្ធិជាអាណាប័កផ្ទេរសិទ្ធិពេញលេញ ។ គួរបញ្ជាក់ថា, នៅឆ្នាំ២០២២ អង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិពេញលេញ កើនចំនួន ៩ និងអង្គភាពថវិកាអាណាប័កផ្ទេរសិ ទ្ធិមិនពេញលេញកើនចំនួន ២៨ ។
«ក្របខណ្ឌថវិការយៈពេលមធ្យម (MTBF)» បាន និងកំពុងដាក់ឱ្យអនុវត្ត និងកែលម្អ។ ប៉ុន្តែក្របខណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF) ត្រូវបានរៀបចំជាសេចក្តីព្រាង ដោយពន្យារពេលការដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ដោយសារស្ថានភាពសេដ្ឋកិច្ច ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន ដោយបន្តអនុវត្តក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ថវិកាឆ្នាំ២០២៣ ។
«ការឆ្ពោះទៅអនុវត្តដំណាក់កាលទី ៤» ត្រូវបានត្រៀមខ្លួនរួចរាល់ចាប់ពីឆ្នាំ២០២៣ តទៅ តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ (អនុក្រឹត្យលេខ ៨១ អនក្រ.បក និង ៨២ អនក្រ.បក) ដែលនឹងត្រូវចូលជាធរមាននៅក្នុងអំឡុងឆមាសទី១ ឆ្នាំ ២០២៣ ខាងមុខ ។ ដោយឡែក ក្របខណ្ឌតាមដាននិងវាយតម្លៃ និងមុខងារសវនកម្មផ្ទៃក្នុង ដែលផ្តោតលើសវនកម្មសមិទ្ធកម្ម និងបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងមុខងារអធិការកិច្ច នៅគ្រប់ក្រសួង ស្ថាប័ន ត្រូវពង្រឹងបន្ថែមជាបណ្តើរៗ ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងម្រេច បានការងារនាពេលកន្លងមក និងបានណែនាំដល់ក្រុមការងារកែទម្រ ង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត បន្តកិច្ចសហការល្អ ដើម្បីបន្តជំរុញការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានវឌ្ឍនភាពតាមការរំពឹងទុក៕