(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានចុះត្រួតពិនិត្យទំនិញនៅផ្សារស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងរកឃើញគុយទាវ មានជាតិបូរ៉ាក់ជិត១០០គីឡូក្រាម នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមការដឹកនាំដោយលោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ដោយបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម មន្ទីរឧស្សាហកម្ម និងអាជ្ញាធរមួលដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ផងដែរ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានយកចិត្តទុកដាក់ ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់ នៅតាមតូប ដើម្បីទទួលបាននូវ ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។
លោកបានបន្ថែមថា តាមរយៈការចុះត្រួតពិនិត្យទំនិញ នៅទីផ្សារស្ទោងនេះ កម្លាំងចម្រុះរបស់លោក បានរកឃើញគុយទាវ៩គីឡូក្រាម ដែលមានជាតិបូរ៉ាក់ផងដែរ និងចុះណែនាំកន្លែងធ្វើត្រីប្រហុក ផ្អក ដើម្បីឲ្យពួកគាត់ ផលិតឲ្យមានអនាម័យខ្ពស់ សម្រាប់លក់ឲ្យប្រជាពលរដ្ឋយកទៅបរិភោគ។
លោកលៀង សុភា បានបន្តថា ក្រោយពិនិត្យរកឃើញគុយទាវដែលមានជាតិបូរ៉ាក់ នៅផ្សារស្ទោងរួចមក កម្លាំងចម្រុះ របស់លោកក៏បានចុះទៅពិនិត្យកន្លែងផលិតគុយទាវ ដែលមានទីតាំងនៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដោយក្នុងនោះរកឃើញគុយទាវ៧៩គីឡូក្រាមទៀត ដែលមានជាតិបូរ៉ាក់ និងម្សៅបូរ៉ាក៤០គីឡូក្រាមផងដែរ ក្រោយមកបានដកហូតទំនិញខូចគុណភាពទាំងនេះ យកទៅទុកនៅឃ្លាំង ដើម្បីរង់កំទេចចោលនៅពេលក្រោយ។ ក្នុងនោះដែរទីតាំងផលិតគុយទាវ ដែលមានជាតិបូរ៉ាក់ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយមានការឯកភាពពីព្រះរាជអាជ្ញារងខេត្តកំពង់ធំ។
ជាចុងក្រោយលោក លៀង សុភា បន្ថែមថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញបានធ្វើការចុះត្រួតពិនិត្យ ជាប្រចាំទៅតាមការណែនាំពី អគ្គនាយកកាំកុងត្រូល ដើម្បីទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរ ចែកចាយ លក់ដូរផលិតផល ម្ហូបអាហារ គ្មានអនាម័យ ទំនិញខូចគុណភាព។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់អាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយ លក់-ដូរ និងទិញទំនិញ ម្ហូបអាហារមកទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់៕