(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ បានប្តេជ្ញា រួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ហើយមិនអនុញ្ញាតឱ្យជនណាយកទឹកដីនៃប្រទេសទាំងពីរ ធ្វើសកម្មភាពប្រឆាំងនឹងរបបដឹកនាំ នៃប្រទេសទាំងពីរនោះឡើយ។
ជំហរនេះត្រូវបានស្តែងឡើងនៅក្នុងជំនួបការងារថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងពេលសម្តេចតេជោបំពេញទស្សនកិច្ចនៅប្រទេសឡាវ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរផងដែរ។ ភាគីគណបក្សប្រជាជនកម្ពុជារួមមាន សម្តេចក្រឡាហោម ស ខេង អនុប្រធានបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានបក្ស, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានបក្ស, លោកកិត្តិសង្គហបណ្ឌិត ទេព ងន សមាជិកគណៈអចិន្ត្រៃយ៍បក្ស, លោក ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍បក្ស, លោក វ៉ា គឹមហុង សមាជិកគណៈកម្មាធិការកណ្តាល។ រីឯភាគីគណបក្សប្រជាជនបដិវត្តន៍ឡាវ រួមមាន លោក ប៊ុនថន ជិតម៉ានី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស, លោក សាយស៊ុមផន ភូមិវិហាន សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស, នាយឧត្តមសេនីយ៍ ច័ន្ទសាម៉ន ច័ន្ទញ៉ាឡាត សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស, លោក ស៊ុំសៃ ស៊ីផាន់ដន សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស, លោក សាឡឹមសៃ គុំម៉ាស៊ីត សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស, លោក ថងសាឡិត មេងណមេគ សមាជិកលេខាមជ្ឈិមបក្ស ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស, លោក ថងសាវណ្ណ ភូមិវិហាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។
យោងតាមសេចក្តីជូនព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។
ក្នុងសេចក្តីជូនព័ត៌មានបានឱ្យដឹងទៀតថា ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា បានជូនដំណឹងភាគីឡាវ អំពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ និងបានផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍អន្តរជាតិនិងតំបន់ ដោយផ្ដោតទៅលើការពង្រឹងពហុភាគីនិយមក្នុងទំនាក់ទំនងអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
បន្ថែមពីលើភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ដោយជំរុញការអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យបុគ្គល អង្គការចាត់តាំងណាមានសកម្មភាពប្រឆាំង ឬ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេស នៃភាគីម្ខាងទៀត។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១២ រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នារវាងគណបក្ស រដ្ឋាភិបាល សភា និងអង្គការមហាជន នៃប្រទេសទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន នៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសនីមួយៗ និងលើកកម្ពស់ តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។
ភាគីទាំងពីរបានឯកភាពខ្ពស់ ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕