(ក្រចេះ)៖ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ និងលោក ឈឿន ប៊ុណ្ណារ័ត្ន ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជាអធីបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាសអគារស្នាក់ការគណបក្សសង្កាក់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
លោក វ៉ា ថន បានលើកឡើងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីសន្លាងមួយ នៅក្នុងសង្កាត់រកាកណ្តាល ដើម្បីបម្រើប្រយោជន៍រួម និងដើម្បីបង្ហាញពីវឌ្ឍនភាពរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការលើកស្ទួយនូវសន្តិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ មានការគោរពស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនកុះករ។
លោកបានថ្លែងបន្តថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់រកាកណ្តាលនេះ ជាអំណោយរបស់លោកផ្ទាល់ មានតម្លៃ ៣៧.៨០០ដុល្លារអាមេរិក ដែលជាប្រភេទសំណង់ចាក់ប្លង់សេ១សន្លឹក មានជញ្ជាំងរៀបឥដ្ឋ១០ស.ម ដំបូលគ្រោងដែកប្រក់ក្បឿងស៉ីផេក បណ្តោយ១២ម៉ែត្រ ទទឹង៨ម៉ែត្រ កម្ពស់២ជាន់ លើផ្ទៃដីទំហំ ២៣,៥ម៉ែត្រ គុណ ៣៨ម៉ែត្រ សង់មានបន្ទប់ទឹក៣។
លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន និងជាតិមាតុភូមិ ហើយគ្រប់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសជំរុញឱ្យការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ពីដូសទី១ រហូតដល់ដូសជំរុញទី៦។
ពិសេសជាងនេះ សម្រាប់ខេត្តក្រចេះក្នុងគិតមកដល់ខែកុម្ភៈនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ចំនួន ១៥៣,១៩៤,១០៨,០០០រៀល ជូនគ្រួសារក្រីក្រ និងាយរងគ្រោះដោយសារជំងឺកូដ-១៩បានចំនួន២៨,២៥៥គ្រួសារ និងឧបត្ថម្ភសាច់ប្រាក់ចំនួន ៤,៣៤៤,២៨០,០០០រៀល ជូនស្រ្តីមានផ្ទៃពោះចំនួន៧,៤៨១នាក់ និងកុមារក្រោមអាយុ២ឆ្នាំចំនួន៣,១៥៥នាក់។
ជាចុងក្រោយ លោក វ៉ា ថន និងលោក ឈឿន ប៊ុណ្ណារ័ត្ន បានឧបត្ថម្ភប្រជាពលរដ្ឋចំនួនរួមចំនួន៤០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង០១ និងថវិកា២០,០០០រៀលផងដែរ៕