(កណ្ដាល)៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានដឹកនាំសមាជិកសមាជិកា ស.ស.យ.ក ដោយមានការនិមន្តយាងពីព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គោលបំណង «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកបានលើកឡើងថា «ឈាមមានសារៈសំខាន់ណាស់ដែលយើងគ្រប់គ្នាត្រូវការ ជាពិសេសអ្នករងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ក្នុងការសង្គ្រោះអាយុជីវិត ដូចនេះយើងទាំងអស់គ្នារួមគ្នាជា ស.ស.យ.ក ខេត្តកណ្ដាល ពិសេសបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា បានរួមគ្នាដោយស្ម័គចិត្តបរិចាគឈាមដើម្បីសង្គ្រោះអាយុជីវិតរបស់យើងទាំងអស់គ្នានៅទូទាំងប្រទេស»។
លោកបន្តថា «ថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ យើងទាំងអស់គ្នាបានស្ម័គ្រចិត្តរួមគ្នាផ្ដល់ក្ដីស្រឡាញ់ជូនជនរួមជាតិទាំងអស់គ្នាតាមរយៈការផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ហើយនៅថ្ងៃ ១៤ កុម្ភៈ ឆ្នាំបន្តៗទៀត យើងនឹងបន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ទៀត»។
សូមបញ្ជាក់ថា ក្នុងការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នាថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈនេះ មានមនុស្សចូលរួមជាង៣០០នាក់ ក្នុងនោះបងប្អូនអ្នករត់កង់៣ចំនួន៥០នាក់ ដឹកនាំដោយលោកការ៉េ៤ ក៏ស្ម័គ្រចិត្តផងដែរ សម្រាប់ធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងត្រូវការឈាមជាចាំបាច់៕