Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយករងវិទ្យុជាតិកម្ពុជា ជាប់ឆ្នោតជាប្រធាននារីប្រចាំវិទ្យុជាតិ ដើម្បីជួយសម្រួលទុក្ខលំបាក របស់ស្រ្តីក្នុងអង្គភាព

30-06-2016 12:48

(ភ្នំពេញ)៖ លោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយករងវិទ្យុជាតិកម្ពុជា ត្រូវមន្រ្តីបម្រើការនៅស្ថានីយវិទ្យុជាតិ បោះឆ្នោតគាំទ្រធ្វើជាប្រធាននារីប្រចាំវិទ្យុជាតិកម្ពុជា ដោយសំឡេងគាំទ្រច្រើនលើសលុប។ ការបោះឆ្នោតជ្រើសតាំងប្រធាននារីប្រចាំវិទ្យុជាតិកម្ពុជា បានធ្វើឡើងនៅ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ។

ការបោះឆ្នោតជ្រើសតាំងប្រធាននារីប្រចាំវិទ្យុជាតិកម្ពុជា ធ្វើឡើងដើម្បីផ្តល់ភារិកិច្ចបន្ថែម ក្នុងការជួយគ្រប់គ្រងនារី និងជួយដោះស្រាយទុកលំបាករបស់នារី នៅពេលជួបវិបត្តិផ្សេងៗ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

លោកស្រី ឈឹមពៅ សុខកាន់ឌី អគ្គនាយករងវិទ្យុជាតិកម្ពុជា និងជាប្រធាននារីវិទ្យុជាតិកម្ពុជា បានប្តេជ្ញាចិត្តខិតខំ ធ្វើឲ្យនារីបម្រើការងារនៅវិទ្យុជាតិកម្ពុជា កាន់តែមានមុខមាត់ និង មានសមត្ថភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។

លោក ទន់ សារ៉ាត អគ្គនាយកវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន បានឲ្យដឹងថា ការជ្រើសរើសបានតំណាងនារី ក្នុងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានេះ គឺមានសារៈសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពនារី ឲ្យកាន់តែមានតួនាទីសំខាន់។ ការងារនេះ មិនត្រឹមតែជួយពន្លឿនការអភិវឌ្ឍវិស័យផ្សព្វផ្សាយព័ត៌មាន របស់រដ្ឋឲ្យកាន់តែល្អប្រសើរ សំដៅបម្រើផលប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យនារីទាំងអស់ ក្នុងអគ្គ នាយកដ្ឋាន បានដឹងសុខទុក្ខគ្នាទៅវិញទៅមក ចេះសាមគ្គីគ្នា និង ជួយគ្នា នៅពេលជួបទុកលំបាក។

លោកអគ្គនាយកវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា សមាសភាពនារី ដែលបានជ្រើសតំាងឲ្យឈរឈ្មោះនារីនេះ គឺសុទ្ធតែមានសមត្ថភាព លទ្ធភាព និង ស័ក្កិសមជាអ្នកដឹកនាំ។

លោកបញ្ជាក់ថា បច្ចុប្បន្នវិទ្យុជាតិកម្ពុជា នារីក៏បានបំពេញតួនាទីដូចបរុសផងដែរ ដូចជាអ្នកបញ្ជាម៉ាស៊ីនផ្សាយ តាមរលកធាតុអាកាសវិទ្យុ និងប្រពន្ធ័ផ្សព្វផ្សាយអេឡិចត្រូនិក និង សោតទស្សន៍។ នារីជាអ្នកយកព័ត៌មាន សរសេរអត្ថបទព័ត៌មាន បកប្រែភាសា ហើយសមទ្ធិផលជោគជ័យ កន្លងមកនេះមិនអាចកាត់ផ្តាច់ពីការចូលរួម របស់មន្រ្តីរាជការជានារីបានឡើយ។

សូមបញ្ជាក់ថា ការសម្រេចជ្រើសរើសប្រធាននារីថ្មីប្រចាំវិទ្យុជាតិកម្ពុជានេះ បន្ទាប់ពីប្រធាននារីចាស់ជិតចូលនិវត្តន៍ ហើយចំនួននារីសរុបក្នុងវិទ្យុជាតិកម្ពុជា មានការកើនឡើងរហូតដល់ ១០៣នាក់ ក្នុងចំណោមមន្រ្តីរាជការសរុបចំនួន ២៥០នាក់៕