Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរថៃបញ្ជូនពលករប្រុសស្រី២១នាក់ មកឲ្យភាគីកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ ក្រោយឃាត់ខ្លួន រឿងធ្វើការខុសច្បាប់

30-06-2016 12:14

(ឧត្តរមានជ័យ)៖ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរប្រុសស្រី២១នាក់ តាមច្រកអន្ដរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ មកកម្ពុជាវិញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលពលករទាំងនេះ បានទៅធ្វើការខុសច្បាប់ នៅប្រទេសថៃ ហើយដែលត្រូវធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

មន្ដ្រីនគរបាលអន្តោប្រវេសន៍ ខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ពលករខ្មែរខាងលើនេះ បានចំណាកស្រុក ទៅរកការងារធ្វើនៅឯប្រទេសថៃ តាមរយៈមេខ្យល់ និងបានចាញ់បោកអស់លុយ ម្នាក់ប្រមាណ២០០០បាត ស្មើរនឹងប្រមាណ ២០ម៉ឺនរៀល ដោយមេខ្យល់ថា ទៅដល់ប្រទេសថៃ នឹងមានការងារធ្វើស្រួល តែមិនទាន់បានធ្វើការងារផង ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញតែម្តង។

មន្ដ្រីនគរបាលបានបន្ដទៀតថា ពលករប្រុសស្រីខាងលើនេះ មានស្រុកកំណើតនៅខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ហើយមកទល់ពេលនេះសមត្ថកិច្ច បានធ្វើការណែនាំ និងអបរំដល់ពលករខ្មែរខាងលើនេះ ឲ្យយល់ដឹងពីការចំណាកស្រុកនិងស្វែងរក ការងារធ្វើនៅប្រទេសដ៏ទៃទៀត និងកុំឲ្យចាញ់បោកមេខ្យល់ទៀត។

ជាងចុងក្រោយមន្ដ្រីនគរបាល បានផ្ដាំផ្ញើទៅពលករទាំងអស់ថា ប្រសិនជាចង់រកការងារធ្វើត្រូវស្នើសុំឯកសារ និងលិខិតស្នាមផ្សេងៗ ពីសមត្ថកិច្ចជំនាញ ដើម្បីកុំឲ្យមានការចាញ់បោកមេខ្យល់ទៀត៕