(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ ក្រុមការងារដែលសម្ដេចបានបង្កើតឡើង បានបន្ដចុះផ្សព្វផ្សាយអប់រំសុខភាព ដល់ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីក្រោយសម្រាលកូនរួច ប្រមាណជិត ១០០នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពិធីផ្សព្វផ្សាយអប់រំនេះ បានធ្វើឡើងក្រោមវត្ដមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, អ្នកឧកញ៉ា ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), មន្ត្រីកាកបាទក្រហមកម្ពុជានៃទីស្នាក់ការកណ្តាល និងសាខារាជធានីភ្នំពេញ អនុសាខាខណ្ឌពោធិ៍សែនជ័យ ក្រុមគ្រូពេទ្យ និងបុគ្គលិកក្រុមហ៊ុនវីតាល់ជាច្រើនរូបទៀត នាមណ្ឌលសុខភាពពោធិ៍សែនជ័យ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ការរៀបចំពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយអប់រំសុខភាពដល់ស្ត្រីមានផ្ទៃពោះ និងក្រោយសម្រាលកូននេះ ជាសកម្មភាពមួយ ដើម្បីឈានឆ្ពោះទៅការប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០» ដោយថ្ងៃនេះក៏មានការចូលរួមសហការជាមួយ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់)ផងដែរ។

លោកស្រីបានថ្លែងបន្ដថា «ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក៏ជាការរម្លឹកដល់ថ្ងៃដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលនូវគោរមងារ ពីអង្គការសហប្រជាជាតិ ជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ ពិសេសរម្លឹកពីសកម្មភាពការងារ មុនទទួលបាននូវគោរមងារ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាប្រធានកាកបាទក្រហមកម្ពុជា បានចុះផ្សព្វផ្សាយអប់រំដោយផ្ទាល់ និងនាំមកជាមួយអំណោយសម្រាលការលំបាកជូនដល់ប្រជាពលរដ្ឋ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ ដែលជាគុណតម្លៃដ៏ធំធេង ចូលរួមលើកកម្ពស់ ស្ថានភាព សុខភាពស្ដ្រី និងកុមារ ឱ្យកាន់តែប្រសើរ និងកាត់បន្ថយអត្រាមរណភាព ទារក និងកុមារ»។

ក្នុងឱកាសផ្សព្វផ្សាយអប់រំសុខភាព ដល់ស្ដ្រីមានផ្ទៃពោះ និងក្រោយសម្រាលកូននេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ និងសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ជូនដល់ប្រជាពលរដ្ឋដូចជា៖
១៖ សូមស្រ្តីមានផ្ទៃពោះទាំងអស់៖
*ទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន។
*ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
*ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
*បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
*ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក/កុមារតូចទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើទារក/កុមារតូច មានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ។
*សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។

២៖ សូមយុវតី ឬស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាពទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីជៀសវាងគ្រោះថ្នាក់ និងពិការភាព។

៣៖ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

៤៖ សូមគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិកសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ។

មុននឹងបញ្ចប់កម្មវិធីផ្សព្វផ្សាយអប់រំ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពពោធិ៏សែនជ័យ ដែលបានផ្តល់ទីកន្លែងសម្រាប់រៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងក្រុមហ៊ុនវីតាល់ ដែលបានរួមចំណែកយ៉ាងធំធេងជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងកាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំទី២ ក្នុងការរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៣នេះ ក៏ដូចជាការរៀបចំកម្មវិធីក្នុងសង្គមផ្សេងៗជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានថ្លែងដោយក្ដីរីករាយ ដែលបានសហការជាថ្មីម្តងទៀតជាមួយកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃការរៀបចំកម្មវិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣។ ពិសេសឆ្នាំនេះបានធ្វើស្របពេលជាមួយទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ដែលរួមគ្នាពាំនាំទាំងក្តីស្រឡាញ់ និងការចែករំលែកចំណេះដឹងជុំវិញសុខភាពមាតា និងទារក ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកពិសាវីតាល់ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានផ្តល់ជូននូវកាដូអនុស្សាវរីយ៍ដល់ស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូន ដែលចូលរួមកម្មវិធីដោយក្នុងម្នាក់ៗទទួលបាន៖ ទឹកវីតាល់, មីជាតិ, អង្ករ, ឃីតសម្រាប់ម្តាយ និងឃីតសម្រាប់ទារក ព្រមជាមួយថវិកាមួយចំនួនផងដែរ៕