(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង អមដំណើរដោយលោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារី និងក្រុមការងារ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះសំណេះសំណាល និងពិសាបាយសាមគ្គី និងផ្តល់វត្ថុអនុស្សាវរីយ៍ ជាមួយកម្មការិនីរោងចក្រ KKN. ៣.៤ ចំនួន៤ពាន់នាក់។

លោកស្រី ឈី វ៉ា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោកស្រីបានដឹកនាំក្រុមការងារ ដើម្បីចុះសំណេះសំណាលសួសុខទុកជាមួយជាកម្មការិនី និងរួមបាយសាមគ្គី និងផ្តល់វត្ថុអនុស្សាវរីយ៍ជូន ដើម្បីទុកជាអនុស្សាវរីយ៍ នៃការស្រលាញ់គ្នា សាមគ្គីគ្នា ដោយមិនអាចបំភ្លេចបានឡើយ។

ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានអំពាវនាវពួកគាត់ ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នានាពេលខាងមុខនេះ ដើម្បីសន្តិភាព ស្ថេរភាព និងសុវត្ថិភាពទាំងអស់គ្នា។

លោកស្រីបានបញ្ជាក់ថា មុនពេលទៅអញ្ជើញទៅចូលរួមធ្វើការបោះឆ្នោត ត្រូវទៅមើលបញ្ជីឈ្មោះចុះឈ្មោះបោះឆ្នោត បើអត់ឃើញឈ្មោះក្នុងបញ្ជីឈ្មោះនោះទេ ប្រញាប់ទាក់ទងទៅចៅសង្កាត់ មេឃុំ ឬបុស្តិ៍នគរបាល ដើម្បីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន៕