(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបប្រចាំឆ្នាំ ចំនួនប្រមាណ ៣៧ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល) ដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី ៧ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញ Fresh News ទទួលបាន។
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» ហៅកាត់ ម.គ.ក. បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី ៦ ដោយមានវត្តមានចូលរួមពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាបរធនបាលទាំងអស់។
សេចក្តីប្រកាសព័ត៌មាន បានបង្ហាញពីវឌ្ឍនភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយបញ្ជាក់ថា «ក្នុងឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបប្រចាំឆ្នាំចំនួនប្រមាណ ៣៧ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល) ដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ជាច្រើនករណី»។
ករណីទាំងនោះ រួមមាន៖
* កុមារបានមកពិគ្រោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ៦៥៩ ៦០៨
* កុមារបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ១១៩ ៩៥៨
* ស្រ្តីមានផ្ទៃពោះបានពិនិត្យ និងព្យាបាល (មន្ទីរពេទ្យជ័យវរ្ម័នទី៧) ៩១ ០១៥
* ស្រ្តីមានផ្ទៃព្រោះបានសម្រាក និងសម្រាលកូន ១៨ ១៧២
* សម្រាកព្យាបាលជំងឺកូវីដ-១៩ ៨៩៩
* ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ៤ ៦៨២
* វះកាត់សរុប ២៦ ៦១៣
* ឆ្លុះសរសៃឈាមព្យាបាល និងវះកាត់បេះដូង ១ ០៥៥។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ទន្ទឹមនឹងការផ្តល់សេវាពិនិត្យ និងព្យាបាលខាងលើនេះ, នៅឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផា ក៏ជួបបញ្ហាប្រឈមមួយចំនួន ដូចជាចំនួនគ្រែសម្រាក និងបុគ្គលិកជំនាញមិនទាន់គ្រប់គាន់សម្រាប់ការពិនិត្យ ព្យាបាល និងសម្រាប់ស្រ្តីសម្រាលកូន ជាដើម។ ដើម្បដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបញ្ហាពាក់ព័ន្ធដ៏ទៃទៀត, មន្ទីរពេទ្យក៏មានគម្រោងវិនិយោគមួយចំនួនដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពនៃសេវាពិនិត្យ និងព្យាបាល ទារក និងកុមារ ចាប់ពីឆ្នាំ២០២៣ តទៅផងដែរ។
សេចក្តីប្រកាសព័ត៌មាន ថែមទាំងបង្ហាញ ពីវឌ្ឍនភាពនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយលើកឡើងថា ក្នុងឆ្នាំ២០២២ ម.គ.ក. មានចំណូលសរុបចំនួនប្រមាណ ១៨,២៥ លានដុល្លារអាមេរិក ឬថយចុះប្រមាណ ២% បើធៀបនឹងឆ្នាំ២០២១ ដោយសារសកម្មភាពសង្គម-សេដ្ឋកិច្ច និងប្រភេទអាជីវកម្មមួយចំនួននៅទទួលរងផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីសម្ពាធអតិផរណាដែលកើតឡើងដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននៅឡើយ ដែលជាហេតុធ្វើឱ្យការបរិច្ចាគពីសំណាក់សប្បុរសជនមានការថយចុះមួយកម្រិត។ ដោយឡែក ការកាត់កម្រៃសំបុត្រចូលទសន្សនាតំបន់រមណីយដ្ឋានអង្គរមានចំនួន ២៨០ ០០០ ដុល្លារអាមេរិក ឬកើន ១២០២% បើធៀបនឹងឆ្នាំ២០២១។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២២ មូលនិធិបានផ្ទេរថវិកាជូនមន្ទីរពេទ្យជាបន្តបន្ទាប់បានចំនួនប្រមាណ ៤,២៥ លានដុល្លារអាមេរិក ផងដែរ។
ចំពោះសកម្មភាពការងារក្នុងឆ្នាំ២០២២ ក្នុងសេចក្តីប្រកាសព័ត៌មាន បានរំលេចថា ក្នុងរយៈពេល ១២ខែ ក្នុងឆ្នាំ២០២២, មូលនិធិគន្ធបុប្ផាកម្ពុជា បានអនុវត្តសកម្មភាពសំខាន់ៗដើម្បីកៀរករការបរិច្ចាគ រួមមាន៖
* ១៖ ការបង្កើតកិច្ចសហការថ្មី និងបន្តកិច្ចសហការដែលមានស្រាប់ជាមួយធនាគារដៃគូ ដើម្បីកៀរគរ និងទទួលការបរិច្ចាគសប្បុរសធម៌ ជាពិសេសការទទួលតាមរយៈប្រព័ន្ធធនាគារចល័ត (Mobile Banking)
* ២៖ ការបន្តកិច្ចសហការជាមួយក្រុមហ៊ុនផ្សព្វផ្សាយ តារាសម្ដែង និងបុគ្គលមានប្រជាប្រិយភាព ដើម្បីផលិតខ្លីបវីដេអូផ្សព្វផ្សាយខ្លីៗ
* ៣៖ ការចុះអនុស្សារណៈយោគយល់គ្នាជាមួយធនាគារដៃគូរ, កិច្ចសហការជាមួយក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា, ក៍ដូចជាបន្តសម្របសម្រួលក្នុងការបង្កើតគណៈកម្មាការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន រដ្ឋបាល និងវិស័យឯកជន រួមទាំងការបំផុសចលនាកៀរគរការបរិច្ចាគតាមរយៈយន្តការគណៈកម្មាការទ្រទ្រង់ទាំងនេះឱ្យបានផុលផុស។
ចំពោះទិសដៅការងារក្នុងឆ្នាំ២០២៣ អង្គប្រជុំក៏បានពិនិត្យ និងសម្រេចលើផែនការសកម្មភាពឆ្នាំ២០២៣ ក៏ដូចជាបានផ្ដល់ការណែនាំជាយុទ្ធសាស្ត្រ សម្រាប់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ អង្គប្រជុំក៏បានឯកភាពជាគោលការណ៍លើផែនការអភិវឌ្ឍរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់លើការខិតខំបំពេញការងាររបស់គណៈគ្រប់គ្រង និងលោកគ្រូអ្នក-គ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង និងបានលើកទឹកចិត្តឱ្យបំពេញការងារ ដ៏មានសារៈសំខាន់នេះបន្ថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ និងបានណែនាំក្រុមការងារលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជាឱ្យខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយដល់សាធារណជន ឱ្យបានយល់ដឹងអំពីវត្តមាន និងសារៈសំខាន់នៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា និងបន្តជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា ដើម្បីផ្សព្វផ្សាយ និងបង្កើនការកៀរគរវិភាគទានសប្បុរសធម៌ពីគ្រប់ទិសទី ក្នុងគោលដៅរួមចំណែកទ្រទ្រង់ដល់ប្រតិបត្តិការ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកស្ទួយស្មារតី «ខ្មែរជួយខ្មែរ» ឱ្យបានកាន់តែទូលំទូលាយ៕