(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីជំនាញ និងវិធីសាស្រ្តក្នុងការស៊ើបអង្កេត សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមមេធាវីស្ម័គ្រចិត្ត របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន៤០រូប និងមានការអញ្ជើញចូលរួមជាវាគ្មិនពី លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក កែវ រ៉េមី បានថ្លែងថា ការផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណង គឺចង់ឱ្យអ្នកចូលរួម ជាពិសេសក្រុមការងារស៊ើបអង្កេតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលបានការបណ្តុះបណ្តាលបន្ថែមលើជំនាញ និងវិធីសាស្ត្រក្នុងការស៊ើបអង្កេត ពីអ្នកជំនាញ ដើម្បីបង្កើននូវប្រសិទ្ធភាពការងាររបស់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតជាសំខាន់ទៅលើការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ពាក់ព័ន្ធនឹងការងារស៊ើបអង្កេត តាមរយៈការអនុវត្តជាក់ស្តែង ផ្អែកលើបរិបទ ទិដ្ឋភាព និងនីតិវីធីច្បាប់របស់ប្រទេសកម្ពុជាដោយផ្ទាល់។
លោក កែវ រ៉េមី ក៏បានកោតសរសើរដល់វាគ្មិន និងថ្លែងអំណរគុណផងដែរដល់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់នូវកិច្ចសហការ និងការអនុញ្ញាតជូនឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ៕