(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានជំរុញឲ្យមានការយល់ដឹង អំពីប្រភេទបន្លែសុវត្ថិភាព តាមរយៈការរៀបចំដាក់លក់ផលិតផលបន្លែខ្មែរ នៅមុខក្រសួងកសិកម្ម ក្នុងឱកាសជាថ្ងៃទិវានៃក្តីស្រលាញ់ និសុំការគាំទ្រពីប្រជាពលរដ្ឋទាំងអស់ ដើម្បីឲ្យការអភិវឌ្ឍន៍បន្លែសុវត្ថិភាព កាន់តែមានការរីកចម្រើន។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មាន ក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យការដាក់លក់ផលិតផលខ្មែរ នៅមុខទីស្តីការក្រសួងកសិកម្ម ក្នុងឱកាសថ្ងៃទិវានៃក្តីស្រលាញ់ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ គឺជាការជំរុញឲ្យមានការយល់ដឹង អំពីប្រភេទបន្លែសុវត្ថិភាព ដែលមាននៅក្នុងប្រទេសកម្ពុជា ហើយសុំការគាំទ្រពីប្រជាពលរដ្ឋទាំងអស់ និងអ្នកប្រើប្រាស់ ព្រមទាំងអ្នកបរិភោគ ដើម្បីឲ្យការអភិវឌ្ឍន៍បន្លែសុវត្ថិភាព កាន់តែរីកចម្រើនឡើង»។
លោក ឌិត ទីណា បានលើកឡើងថា ក្រសួងទទួលបានចំណាប់អារម្មណ៍ របស់ប្រជាពលរដ្ឋមួយចំនួន អំពីបន្លែសុវត្ថិភាព និងបន្លែ ដែលគ្មានជាតិគីមី ហើយថ្ងៃនេះក៏មានការដាក់តាំង ដើម្បីឲ្យសាធារណជនបានដឹងថា បន្លែដែលមិនមានការដាក់ជី-ថ្នាំច្រើន និងបន្លែដែលគ្មានជីថ្នាំ។
លោកបានគូសបញ្ជាក់ថា ជាគោលដៅទៅមុខ ក្រសួងចង់ឲ្យគុណភាពបន្លែកម្ពុជា ឲ្យកាន់តែបានល្អនៅលើទីផ្សារ និងទទួលបានការស្វាគមន៍ពីអ្នកបរិភោគ ទិញយកទៅប្រើប្រាស់ឲ្យបានច្រើន ហើយពេលនោះកសិករនឹងមានកម្លាំងដាំបន្លែ ដែលជាប្រភេទបន្លែសុវត្ថិភាព និងបន្លែសេរីរាង្គបន្ដទៀត។
លោករដ្ឋមន្ត្រីបានឲ្យដឹងផងដែរថា បន្លែសុវត្ថិភាព ជាទីផ្សារថ្មីដែលកំពុងតែមានការរីកចម្រើន ព្រោះថាប្រជាពលរដ្ឋចាប់ផ្ដើមទទួលស្គាល់ថា គុណភាពមានលក្ខណៈសំខាន់សម្រាប់សុខភាព។
សូមជម្រាបថា ផលិតផលខ្មែរជាច្រើនមុខ បានដាក់តាំងលក់នៅមុខទីស្តីការក្រសួងកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព អង្ករបាយឆ្ងាញ់ និងស្រាផ្លែឈើរសជាតិស្រទន់ ដែលបានវេចខ្ចប់យ៉ាងស្អាត សម្រាប់ជាកាដូថ្ងៃដ៏ពិសេសនេះ ដោយមានស្តង់ជាច្រើន ដូចជា៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមាសបៃតងជាដើម។
ម្ចាស់ស្តង់មួយកន្លែង ដែលដាក់លក់បានលើកឡើងថា «ថ្ងៃនេះជាថ្ងៃនៃក្តីស្រលាញ់ យើងបានយកផលិតផលសុវត្ថិភាព មកដាក់លក់ចែកជូនបងប្អូនអ្នកទទួលទាន ដើម្បីសុខភាពល្អ គឺយើងធ្វើការផ្សារភ្ជាប់ក្តីស្រលាញ់ និងសុខភាព» «ស្រលាញ់គ្រួសារ ពិសាអាហារសុវត្ថិភាព»។
ផលិតផលដែលតាំងលក់ គឺផលិតផលស្រស់មានប្រមាណជាង ២០មុខ ហើយរបស់កែច្នៃមានប្រមាណជិត ២០មុខ ដែលជាផលិតផលសុវត្ថិភាព ល្អសម្រាប់សុខភាព ដោយមិនមានសារធាតុគីមីឡើយ។
សម្រាប់អតិថិជនវិញ បានបង្ហាញពីអារម្មណ៍រំភើបរីករាយ ដែលក្រសួងផ្តើមរៀបចំឲ្យមានការតាំងលក់បន្លែសុវត្ថិភាពនៅទីនេះ «ខ្ញុំមកទិញបន្លែ គឺដោយសារខ្ញុំស្រលាញ់បន្លែ និងស្រលាញ់អ្នក ដែលខ្ញុំទិញបន្លែទៅឲ្យ»៕