(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបុណ្យពិសាខបូជា។
លោក ប្រាជ្ញ ស៊ីភី ប្រធានពន្ធនាគារខេត្ត បានឲ្យដឹងថា អង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង បានជ្រេីសរេីសយកទណ្ឌិត ចំនួន៥០នាក់ (ស្រីម្នាក់) ដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើបន្ធូរបន្ថយទោស និងលើកលែងទោស។
ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានស្នើឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពិភាក្សាឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិតធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា។
លោកបានបន្ដទៀតថា ការពិនិត្យឲ្យបានល្អិតល្អន់នេះ គឺដើម្បីជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិពិតប្រាដកអាចរស់នៅប្រកបដោយសេចក្តីសុខ ជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។
សូមជម្រាបថា ការស្នើបន្ធូរបន្ថយ និងលើកលែងទោស ត្រូវធ្វើឡើងក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ធំៗ ដូចជា ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយ និងការលើកលែងទោស ក៏អាចធ្វើបានដែរក្នុងពិធីបុណ្យ ឬព្រឹត្ដិការណ៍ធំៗរបស់ជាតិ ហើយអាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើដោយដាច់ដោយឡែក ឬរួមគ្នា៕