(ម៉ានីល)៖ លោក រ៉ូឌ្រីហ្គោ ឌូធើត ដែលបានឡើងកាន់តំណែងជាប្រធានាធិបតិហ្វីលីពីនផ្លូវការ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការហាមប្រាប់ទៅដល់ក្រុមគ្រប់គ្រងពិធីការជាមុនថា មិនចាំបាច់ឲ្យ មានការហែរហម ផ្លុំត្រែជាក្បួន និង ពិធីក្បូរក្បាច់នៃព្យុហយាត្រា បែបអធិកអធមជាផ្លូវការរបៀប 'vin d'honneur' ដែលអន្តរជាតិនិយមប្រារព្ធនោះឡើយ ព្រោះលោកត្រូវការពិធីធម្មតាៗប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។
បន្ថែមពីបំរាមខាងលើនេះ មានតែសារព័ត៌មានរដ្ឋប៉ុណ្ណោះ ដែលត្រូវបានរដ្ឋាភិបាលថ្មីអនុញ្ញាតឲ្យចូលរួមក្នុងពិធីឡើង កាន់តែតំណែងជាផ្លូវការ ព្រោះលោក ឌូធើត ធ្លាប់បានលើកឡើងថា រដ្ឋបាលរបស់លោក នឹងចាត់ការអ្នកសារព័ត៌មាន ពុករលួយជាច្រើននៅក្នុងប្រទេសនេះ ហើយពួកគេមួយចំនួនជាពិសេសអ្នកសារព័ត៌មានឯកជន នឹងត្រូវប៉ូលិសចាប់ខ្លួន យកមកកាត់ទោស ពីបទប្រព្រឹត្តកំហុសខុសនឹងវិជ្ជាជីវៈខ្លួនឯង។
រដ្ឋមន្ត្រីទំនាក់ទំនងថ្មីដែលនឹងកាន់ការក្នុងពេលឆាប់ៗ Martin Andanar បានលើកឡើងថា «វានឹងមានរូបភាព ប្លែកពីមុន។ វាប្រាកដជាគ្មានការ កាន់ដបស្រាសំប៉ាញ និងញុំាអាហារឡូយឆាយនោះទេ»។ រដ្ឋាភិបាលលោក ឌូធើត បានប្រកាសថា អ្វីដែលសំខាន់ដែលរដ្ឋាភិបាលថ្មី ត្រូវដោះស្រាយបន្ទាន់ ដោយមិនត្រូវក្បូរក្បាច់ច្រើននោះ គឺ ការកម្ទេច បទឧក្រិដ្ឋកម្ម, ការរត់ពន្ធគ្រឿងញៀន, និង បទល្មើសច្បាប់ពាសពេញផ្ទៃប្រទេស៕