(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ប្រមុខដឹកនាំកម្ពុជា និងឡាវ បានឯកភាពគ្នានឹងចាប់យកឱកាសពីការបើកឡើងវិញនៃប្រទេសចិន ក្នុងការទាក់ទាញភ្ញៀវទេសចរចិន មកកម្សាន្តនៅប្រទេសទាំងពីរ តាមរយៈកិច្ចសប្រតិបត្តិការតភ្ជាប់រវាងផ្លូវគោក និងអាកាស។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេល២ថ្ងៃ នៅប្រទេសឡាវ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា កម្ពុជា និងឡាវរំពឹងថានឹងអាចទាកទាញភ្ញៀវទេសចរចិន បន្ទាប់ពីប្រទេសចិន បានប្រកាសបន្ធូរបន្ថយវិធានការចេញចូលប្រទេសរបស់ខ្លួន ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ដោយសារឡាវមានរថភ្លើងល្បឿនលឿនពីប្រទេសចិន មកដល់ទីក្រុងវៀងច័ន្ទន៍។
លោកបន្តថា «ការដែលសម្តេចស្នើឱ្យមានការបើកជើងហោះហើរឡើងវិញរវាងវៀងច័ន្ទ-ភ្នំពេញ ដោយសារសព្វថ្ងៃនេះ ប្រទេសឡាវមានខ្សែរថភ្លើងល្បឿនលឿនពីប្រទេសចិន ឆ្លងកាត់ហ្លួងប្រាបាង មកដល់វៀងច័ន្ទន៍ ។ ខ្ញុំបានជិះរួចហើយកាលពីខែវិច្ឆិកា។ ដូច្នេះទេសចរចិនអាចធ្វើដំណើរពីប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿន មកដល់វៀងច័ន្ទន៍ បន្តឡើងយន្តហោះមកដល់កម្ពុជា។ នេះហើយជាគំនិតរបស់សម្តេចតេជោ ដូច្នេះការពិភាក្សាទៅលើរឿងជាក់ស្តែងតែម្តង»។
កម្ពុជាសង្ឃឹមថា ប្រទេសទាំងពីរអាចទាក់ទាញភ្ញៀវទេសចរចិនបានច្រើន ខណៈដែលកន្លងមកវិស័យទេសចរណ៍កម្ពុជា បានពឹងអាស្រ័យខ្លាំងលើភ្ញៀវទេសចរចិន៕