(ភ្នំពេញ)៖ ប្រាក់រង្វាន់សម្រាប់ផ្ដល់ជូនដល់បុគ្គលិក មន្រ្តីរាជការ សាលាសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានមកពីវិស័យពន្ធដារ និងសូរិយោដី នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០កន្លងទៅនេះ បានបាត់អស់ជាង២០០លានរៀល ដោយពុំដឹងមូលហេតុ។

មន្រ្តីសាលាសង្កាត់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា សម្រាប់ប្រាក់រង្វាន់ដែលបានមកពីផ្នែកពន្ធដារនៅក្នុងឆ្នាំ២០១៩នោះ ប្រាក់ដែលបានដកចេញពីធនាគារមកចែកជូនដល់បុគ្គលិក មន្រ្តីរាជការសាលាសង្កាត់ចោមចៅទី១ មានចំនួន១៦២,៧៥៨,០០០រៀល។ ប៉ុន្តែលោកចៅសង្កាត់ បានយកមកចែកដល់បុគ្គលិក មន្ត្រីរាជការតែ ចំនួន៧៨,៦៣៩,០០០រៀលតែប៉ុណ្ណោះ រីឯប្រាក់នៅសល់ចំនួន៨៤,១១៩,០០០រៀលទៀត បាត់គ្មានមូលហេតុ។

ដោយឡែក នៅក្នុងឆ្នាំ២០២០ ប្រាក់ដែលដកចេញពីធនាគារចំនួន១៥១,១៣៧,៨០០រៀល ប៉ុន្តែចែកដល់បុគ្គលិក មន្រ្តីរាជការតែចំនួន១១០,០៨៧,៨០០រៀលប៉ុណ្ណោះ។ ចំណែកប្រាក់នៅសល់ចំនួន៤៩,៤៥៨,០៥៤រៀលទៀត ពុំដឹងយកទៅណាឡើយ ហើយសរុបឆ្នាំ២០១៩-២០២០ ប្រាក់ដែលបាត់អត់ឃើញចែកដល់បុគ្គលិកមន្រ្តីរាជការចំនួន១៣៣,៥៧៧,០៥៤រៀល។

មន្ដ្រីដដែលបានបន្ដទៀតថា ប្រាក់រង្វាន់ដែលបានមកពីផ្នែកសូរិយោដី នៅក្នុងឆ្នាំ២០១៩ ចំនួន១៤៧,៥០៦,០០០រៀល ចែកជូនបុគ្គលិកមន្រ្តីរាជការអស់តែចំនួន៨៦,៧៥៦៥០០រៀលប៉ុណ្ណោះ នៅសល់ចំនួន៦០,៧៤៩,៥០០រៀលទៀតអត់ចែក។ នៅក្នុងឆ្នាំ២០២០ ប្រាក់រង្វាន់សរុប ចំនួន៥២,៣៨៤,៩០០រៀល ប៉ុន្តែចែកជូនបុគ្គលិកមន្រ្តីរាជការអស់តែចំនួន៤០,៨១៤,៧០០រៀលតែប៉ុណ្ណោះ ចំណែកប្រាក់នៅសល់ចំនួន១១,៥៧០,២០០រៀលទៀតអត់ចែក ហើយបាត់សូន្យឈឹងសរុបទាំងឆ្នាំ២០១៩ និង២០២០ ប្រាក់ដែលបាត់ចំនួន៩៦,២៥៨,៦៦០រៀល។ ដូច្នេះប្រាក់រង្វាន់ដែលបាត់ទាំងផ្នែកពន្ធដារ និងសូរិយោដី ក្នុងឆ្នាំ២០១៩ និង២០២០ សរុបចំនួន២២៩,៨៣៥,៧១៤រៀល។

ប្រភពព័ត៌មានខាងលើអះអាងថា ប្រាក់ទាំងនោះទាល់តែមានការសុីញ៉េរពីលោកចៅសង្កាត់ ទើបបើកពីធនាគារបាន ហើយស្មៀនជាអ្នកទៅបើក ប៉ុន្តែពុំដឹងថាមូលហេតុអី ទើបបាត់ដល់ទៅជាង២០០លានរៀនបែបនេះ។

ដោយសារតែមានបញ្ហាបាត់លុយអត់ដឹងមូលហេតុនោះ ទើបស្មៀនសង្កាត់ម្នាក់ ត្រូវបានដកចេញពីតំណែងដោយសង្ស័យថា ឃុបឃិតជាមួយលោកចៅសង្កាត់សុីដាច់លុយជាង២០០លានរៀលនោះ។ មិនតែប៉ុណ្ណោះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បុគ្គលិកមន្រ្តីរាជការទាំងអស់បាននាំគ្នាផ្ដិតមេដៃ ប្ដឹងចូលទៅកាន់គណៈកម្មាធិការគណបក្សប្រជាជនខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំផ្លាស់ប្ដូរលោកចៅសង្កាត់រូបនោះចេញផងដែរ។

ដោយនៅក្នុងពាក្យបណ្ដឹង បានលើកឡើងពីកំហុសចំនួន៨យ៉ាងរបស់លោក កង វង ក្នុងនោះក៏មានការពាក់ព័ន្ធអំពើពុករលួយផងដែរ ហើយបន្ទាប់មកបានឃើញខាងមន្រ្តីអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះធ្វើអធិការកិច្ចម្ដងដែរ។

ចំណែក លោក កង វង ចៅសង្កាត់ចោមចៅទី១ បានអះអាងថា លោកអត់បានដឹងព័ត៌មានទាំងអស់នេះឡើយ ព្រោះស្មៀនជាអ្នកទៅបើកយកមកបែងចែកជូនដល់មន្រ្តី ហើយបាត់ ឬយ៉ាងណាលោកអត់បានដឹង៕