(ភ្នំពេញ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ពាក់ព័ន្ធបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលឲ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ចេញពីតំបន់៣ មកតំបន់៣នៅជុំវិញបឹងទន្លេសាបនោះ ខេត្តកំពង់ធំ បានសម្រេចរួចរាល់ជាស្ថាពរហើយដែលមានប្រជាពលរដ្ឋ ប្រមាណ៨ពាន់គ្រួសារ ស្មើនឹងផ្ទៃដីជាង៣ម៉ឺនហិកតា។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ធំ» លោក ងួន រតនៈ បានគូសបញ្ជាក់ទៀតថា អ្វីដែលនៅសេសសល់នោះ គឺឃុំចំនួន២ ដែលនៅកណ្ដាលបឹងទន្លេសាបតែម្ដង រួមមាន ឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្ដាយ នៅស្រុកកំពង់ស្វាយ ហើយក្រុមការងារបានចុះទៅទីតាំងផ្ទាល់ដើម្បីសិក្សាលទ្ធភាពឆ្វៀលកាន់តែតូច សម្រាប់ការអភិរក្ស។

លោក ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋបាលខេត្ត ដោយមានគោលការណ៍ដឹកនាំពីគណៈកម្មការអន្ដរក្រសួង ជារួមមកដល់ពេលនេះ ឃុំ ភូមិ ដែលពាក់ព័ន្ធជុំវិញបឹងទន្លេសាប យើងបានបញ្ចប់ទាំងស្រុងទាំងផ្ទៃដីជាង ៣ម៉ឺនហិកតា បានបញ្ចប់ការឆ្វៀលហើយ។ លើកលែងឃុំពីរទៀត ដែលនៅកណ្ដាលទន្លេសាប ប្រជាពលរដ្ឋរស់នៅទីនោះជាងរយឆ្នាំហើយ មានទាំងវត្តអារាមទៀត។ ក្រុមការងារបានចុះទៅទីតាំងផ្ទាល់ដើម្បីសិក្សាលទ្ធភាព ឆ្វៀលកាន់តែតូចកាលណា កាន់តែល្អដើម្បីការពារធនធានធម្មជាតិ»

សម្រាប់ឃុំពីរដែលនៅកណ្ដាលបឹងទន្លេសាបនោះ ត្រូវបានលោក ងួន រតនៈ បញ្ជាក់ថា ប្រជាពលរដ្ឋមានលំនៅឋានអចិន្ដ្រៃយ៍ដែលមានជាយូរណាស់មកហើយ និងមួយផ្នែកទៀត រដូវវស្សាពួកគាត់ចល័តទៅតាមទឹក លុះដល់រដូវប្រាំងមកសំចតនៅកណ្ដាលទន្លេតាមមាត់ស្ទឹងសែន។ លោកថា ការចុះពិនិត្យប្រមូលទិន្នន័យប្រជាពលរដ្ឋទាំងពីរឃុំនេះ នឹងបញ្ចប់នៅក្នុងសប្ដាហ៍នេះ ដើម្បីពិនិត្យលទ្ធភាពធ្វើឲ្យប្រជាពលរដ្ឋអាចរស់នៅដោយស្របច្បាប់។

​បើតាមលោកអភិបាលខេត្ដ អនុវត្តតាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលដូចខាងក្រោម៖

* បានធ្វើការកែសម្រួលព្រំប្រទល់ដីពីតំបន់២ មកតំបន់១ ជូនប្រជាពលរដ្ឋចំនួន១០,៨០៣គ្រួសារ ស្មើនឹង១៧,៣៣៩ហិកតា
* បានធ្វើការសម្រួលផ្ទៃដីពីតំបន់៣ មកតំបន់២ ជូនប្រជាពលរដ្ឋចំនួន ៨,៦៦១គ្រួសារ ស្មើនឹង៣៤,១៥៩ហិកតា
* បានកំណត់តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) នៃតំបន់ទន្លេសាបក្នុងខេត្តកំពង់ធំ ទំហំ ១២១,៤០២ហិកតា។

លោក ងួន រតនៈ បានបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានស្នើសុំកាត់ឆ្វៀលដីចេញគម្របព្រៃឈើ ២០០២ និងដីសហគមន៍ ផ្ទៃដីទំហំ១៦១,៤៣៩.១៤ហិកតា ស្នើនឹង ៤៦,៥៣៣គ្រួសារ និងបានស្នើសុំកាត់ឆ្វៀលដីតំបន់ការពារបរិស្ថាន ក្នុងខេត្តកំពង់ធំ ទំហំ៦២,៨៨៣ហិកតា ស្មើនឹង១៥,៧២៩គ្រួសារ។

ដោយឡែក ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសជលផល រដ្ឋបាលខេត្តបានរៀបចំទីបញ្ជាការស្រាល និងដាក់ក្រុមការងារប្រចាំការ ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្រ្កាបបទល្មើសជលផលលើបឹងទន្លេសាប ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង៕