(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយធ្វើការបកស្រាយជុំវិញការចាប់ខ្លួន អ្នកសារព័ត៌មានម្នាក់ឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទល្មើស «ឆបោក»។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា តាមបណ្តឹងរបស់ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ៥៧ឆ្នាំ បានប្ដឹងឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង ក្នុងករណីឲ្យជួយរត់ការឯកសារកាត់ប្លង់ផ្ទះល្វែងនៅបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយប្លង់ផ្ទះល្វែងនេះជាកម្មសិទ្ធិរបស់ឪពុកម្តាយប្អូនធម៌ឈ្មោះ ហែម សំគិត ហៅពៅ ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងបូរីដួងច័ន្ទ ហើយឈ្មោះ គង់ ចំរើន បានប្រគល់ប្រាក់ឲ្យទៅឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង ចំនួន០២លើក លើកទី០១ នៅខែមិថុនា ឆ្នាំ២០១៨ ចំនួន១,៥០០ដុល្លារ នៅហាងកាហ្វេផ្សារអគ្គថ្មី ភូមិបាលិលេយ្យ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លើកទី០២ នៅខែកក្កដា ឆ្នាំ២០១៨ ចំនួន១,៧០០ដុល្លារ នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ សរុបចំនួន៣,២០០ដុល្លារ ហើយឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង ធានារត់ការឯកសារកាត់ប្លង់ផ្ទះនោះ ឲ្យរួចរាល់ក្នុងរយៈពេលបីខែ។
បន្ទាប់ពីទទួលបានប្រាក់ហើយ រយៈពេលបីខែក្រោយមកឈ្មោះ គង់ ចំរើន បានសួររឿងឯកសារប្លង់ផ្ទះ ឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង បានឆ្លើយដោះសារ និងចុចទូរស័ព្ទក៏លែងលើក គេចវេសរហូត។
តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១០០ អ.យ.ខ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចោទប្រកាន់ឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត និងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨។ បទល្មើសដែលមានបញ្ញត្តិឲ្យផ្ដន្ទាទោស តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរ។
ចៅក្រមស៊ើបសួរ បានធ្វើនីតិវិធីសួរចម្លើយជនត្រូវចោទ បានពិនិត្យអង្គហេតុ អង្គច្បាប់ ដោយបានរកឃើញតម្រុយពិរុទ្ធភាព ហើយបានចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។ ពាក់ព័ន្ធនឹងអំពើប្រព្រឹត្តរបស់ឈ្មោះ អ៊ុង ថាំប់រាំង ហៅបារាំង គឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន៕