(ពោធិ៍សាត់)៖ ឆ្កែរបស់ប្រជាពលរដ្ឋ១៣ក្បាល ត្រូវបានក្រុមចោរដាក់ថ្នាំបំពុលងាប់ រួចលួចម៉ូតូ១គ្រឿង ដោយសុវត្ថិភាពនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រុមចោរដែលដាក់ថ្នាំបំពុលឆ្កែងាប់ ១៣ក្បាល រួចលួចម៉ូតូ១គ្រឿង ម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1D-0478 ដែលម្ចាស់ឈ្មោះ ថន ធីម អាយុ៣៦ឆ្នាំ(ជាប្តី) និងប្រពន្ធឈ្មោះ គង អ៊ីន អាយុ៤៥ឆ្នាំ។
លោកអធិការរង បានបន្តថា មុនពេលកើតហេតុ គ្រួសាររងគ្រោះបានសម្រាកលង់លក់ ដោយមិនដឹងពីសកម្មភាពរបស់ក្រុមចោរ ដែលដាក់ថ្នាំបំពុលឆ្កែឡើយ ស្រាប់តែដល់ម៉ោងប្រហែល ១រំលងអាធ្រាត ជនរងគ្រោះបានក្រោកទៅបត់ជើង ក៏ប្រទះឃើញឆ្កែរបស់ខ្លួន ពុលងាប់១ក្បាល ហើយនាំគ្នាផ្អើលឆោឡោទាំងយប់ ពេលនោះស្រាប់តែមានឆ្កែប្រជាពលរដ្ឋជិតខាងពុលងាប់១២ក្បាលទៀត។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានសន្និដ្ឋានថា នេះអាចជាគម្រោងការណ៍ដំបូង របស់ក្រុមជនសង្ស័យ មុននឹងពួកវាធ្វើសកម្មភាពអ្វីមួយ បន្តទៀតដូចជា គាស់ផ្ទះ ប្លន់ លួច និងសកម្មភាពផ្សេងទៀត នៅពេលគ្មានសកម្មភាពរំខានដោយឆ្កែទំាងនោះ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏សូមសំណូមពរឲ្យ លោកមេប៉ុស្តិ៍ និងលោកមេភូមិ យកចិត្តទុកសហការគ្នាដាក់ពង្រាយកម្លំាង ល្បាតក្នុងមូលដ្ឋាន ជាប្រយោជន៍ការពារសន្តិសុខ និងបង្ការបញ្ហាអសកម្មផ្សេងៗ ដែលអាចកើតមានឡើង៕