(កំពង់ធំ)៖ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ធំ រៀបចំពិធីផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមអាជីវកម្មសេវា កម្សាន្តទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្កាឌិន និងអាជីវកម្មម៉ាស្សា-ស្ប៉ា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ហ៊ុន ដានី រដ្ឋលេខាធីការក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ មន្ទីរទេសចរណ៍ខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត យុវជន ស.ស.យ.ក និងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមអាជីវកម្មសេវាកម្សាន្ត និងម៉ាស្សា-ស្ប៉ា ក្នុងខេត្តកំពង់ធំជិត២០០នាក់។

លោកស្រី ហ៊ុន ដានី បានលើកឡើងថា ការផ្សព្វផ្សាយអនុសាសន៍របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានអនុវត្តនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ដើម្បីបញ្ជ្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះស្រ្តីដែលបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសស្ត្រីក្នុងអាជីវកម្មសេវាកម្សាន្ត។

ទន្ទឹមនេះ ស្ត្រីក្នុងវិស័យទេសចរណ៍កាន់តែត្រូវបានយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជំនួយសង្គម និងកិច្ចការពារតាមផ្លូវច្បាប់ ដល់ក្រុមស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តទេសចរណ៍ថែមទៀតផង។

លោកស្រីបានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍ បន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងគ្រប់មន្ទីរទេសចរណ៍ទាំងអស់ក្នុងការគ្រប់គ្រងអាជីវកម្មសេវាកម្សាន្តឱ្យមានប្រសិទ្ធភាព ព្រមទាំងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញដល់បុគ្គលិក និងបណ្តាញនារីដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ ដើម្បីឱ្យបងប្អូនមានជំនាញច្បាស់លាស់ ងាយស្រួលក្នុងការប្រកបមុខរបរ និងជួយបង្កើនប្រាក់ចំណូល សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកស្រីថា «នេះសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ សេចក្តីត្រូវការ និងផលប្រយោជន៍បងប្អូនដែលកំពុងបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាពិសេសបងប្អូនដែលកំពុងបម្រើការងារ លើផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ហើយរាជរដ្ឋាភិបាល បាននិងកំពុងជំរុញបុគ្គលិកដែលបម្រើការក្រៅប្រព័ន្ធ ឱ្យប្រែក្លាយទៅជាបុគ្គលិកបម្រើការងារនៅក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានអត្ថប្រយោជន៍នានា ពីរាជរដ្ឋាភិបាលបន្ថែម ពីលើវិធានការជំនួយសង្គមនានា ដែលបានផ្ដល់ជូននាពេលកន្លងមក»

លោកស្រី ហ៊ុន ដានី ក៏បានផ្តាំផ្ញើដល់ម្ចាស់អាជីវកម្ម បុគ្គលិកមេការ និងអ្នកបម្រើការទាំងអស់ សូមមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេមិនដែលទុកបងប្អូនចោលនោះទេ ថែមទាំងបានចាត់តាំងជាក្រុមការងារដើម្បីចុះជួបផ្ទាល់ និងដាក់ចេញនូវវិធានការ ព្រមទាំងកម្មវិធីនានារបស់រដ្ឋ ដើម្បីលើកកម្ពស់ស្ថានភាពការងារ និងមុខរបរនៅក្នុងវិស័យទេសចរណ៍ថែមទៀតផង៕