(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា តាមរយៈការអភិវឌ្ឍន៍មិនឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធការកែលំអទីតាំងសំខាន់ៗ រួមទាំងការលើកឡើងនូវគម្រោងថ្មីបន្ថែមទៀត ក្នុងឆ្នាំ២០២៣នេះ ខេត្តកែបនឹងបើកទំព័រទេសចរណ៍ថ្មីរបស់ខ្លួន ក៏ដូចជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍ធំៗ រួមមាន ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម និងបុណ្យសមុទ្រលើកទី១០ ជុំទី៤ នាចុងឆ្នាំនេះ។

ការលើកឡើងបែបនេះ ខណៈលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត សោម ពិសិដ្ឋ ចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវដើរសាធារណៈក្រាលថ្មក្រានីត ចាក់បេតុងគូសចំណតរថយន្ត នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឆ្នេរខ្សាច់មាត់សមុទ្រ ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ដោយចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការុំកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកអភិបាលខេត្ត បន្តទៀតថា ក្នុងអំឡុងពេលនេះជាយុទ្ធនាការជាតិ រាប់ថយក្រោយ១០០ថ្ងៃឆ្ពោះទៅ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះលើមួយវិញ្ញាសារផងដែរ គឺទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ទ្រីយ៉ាត្លុង ក្នុងរយៈពេលនេះ រដ្ឋបាលខេត្តកែប កំពុងពន្លឿនក្នុងការកែលំអទីតាំងសំខាន់ៗ ដូចជា ដងវិថី ជាពិសេសឆ្នេរលេងទឹកស្រីសជាដើម។

បើតាមលោក សោម ពិសិដ្ឋ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៣ ខេត្តកែបនឹងទទួលនូវការរៀបចំព្រឹត្តិការណ៍សំខាន់ៗធំ ចំនួន២ គឺស៊ីហ្គេម និងបុណ្យសមុទ្រ។ ដើម្បីឲ្យការប្រព្រឹត្តិទៅមានភាពល្អប្រសើរ ហើយសាកសមជាខេត្ត ម្ចាស់ផ្ទះ យើងបានរៀបចំការកែលំអឆ្នេរលេងទឹករបស់យើង ដែលជាទីតាំងកម្មវិធី ដោយកែប្រែអោយមានភាពប្រសើរឡើង និងលុបបំបាត់នូវបញ្ហាអវិជ្ជមានុំដែលកើតឡើងជាយូរឆ្នាំមកហើយ។

សម្រាប់ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត បានលើកឡើងនូវគម្រោងសំខាន់ជាច្រើន ក្នុងនោះតំបន់ឆ្នេរស្រីស និងមានការចាក់ពង្រីកឆ្នេរបន្ថែម ចាប់ពីចំណុចស្រីស ដល់រូបសំណាក់ក្តាមសេះ ពង្រីកផ្លូវពយព្រះរាជដំណាក់ ហើយរូបសំណាកស្រីស ធ្វើការពង្រីកនិងរំកិលចូលសមុទ្របន្ថែម។

តាមរយៈការអនុវត្តន៍បានជាបន្តបន្ទាប់នូវគម្រោងសំខាន់របស់ខេត្ត រាប់ទាំងការកែប្រែតំបន់ឆ្នេរលេងទឹកនេះ អភិបាលខេត្តបានសម្តែងការអរគុណចំពោះមន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករនៅតំបន់ឆ្នេរកែប ដែលសុខចិត្តអង្គុយជជែកគ្នា រហូតដល់ការព្រមព្រៀងប្រកបដោយទំនូលខុសត្រូវខ្ពស់៕