(កំពង់ចាម)៖ នារសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំបូកសរុបការងាររបស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកំពង់ចាម ឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំ ១០ ចំណុច ដើម្បីឲ្យអង្គភាពបន្តអនុវត្តភារកិច្ច ក្នុងឆ្នាំ២០២៣។

លោកអភិបាលខេត្ត បានថ្លែងថា ទន្ទឹមនឹងសមិទ្ធិផលដែលសម្រេចបានគួរជាទីមោទនៈក្នុងឆ្នាំ២០២២ កន្លងទៅខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួនជូនដល់ថ្នាក់ដឹកនាំ មន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដូចខាងក្រោម៖

*ទី១៖ មន្ទីរត្រូវបន្តពង្រឹងការងារស្ថាបនា ស្តារ ជួសជុល ពង្រីក និងថែទាំប្រចាំ ផ្លូវ-ស្ពាន-លូប្រកបដោយគុណភាព សោភណ្ឌភាព និងរក្សាបានសុវត្ថិភាព ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុដែលបង្កដោយកត្តា អ្នកប្រើប្រាស់ផ្លូវ និងកត្តាផ្លូវថ្នល់។

*ទី២៖ មន្ទីរត្រូវបន្តការងារជួសជុល ឬអ៊ុតឡើងវិញ ឬដាក់ថ្មី នូវបរិក្ខាចរាចរណ៍ដូចជា គំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលគីឡូម៉ែត្រ។

*ទី៣៖ មន្ទីរត្រូវដាក់បញ្ចូលក្នុងផែនការឆ្នាំរបស់មន្ទីរ និងស្នើសុំដាក់បញ្ជូលក្នុងផែនការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកែប្រែផ្លូវក្រាលកម្រាលដីគ្រប់ប្រភេទ ឲ្យទៅជាផ្លូវក្រាលកម្រាលកៅស៊ូគ្រប់ប្រភេទ ឬផ្លូវក្រាលកម្រាលបេតុងសរសៃដែក។

*ទី៤៖ ពង្រីកទទឹងផ្លូវ និងស្ពាន ទៅតាមស្តង់ដាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើបណ្តាញផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

*ទី៥៖ ត្រូវចាត់តាំងមន្ត្រីជំនាញរបស់មន្ទីរ ចុះពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធានាបានគុណភាពផ្លូវ។

*ទី៦៖ ត្រូវបន្តពង្រឹងការងារផ្តល់សេវាសាធារណៈនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដូចជាការចុះបញ្ជី ការផ្តល់បណ្ណបើកបរជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

*ទី៧៖ បន្តចុះអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកជូនសៀវភៅយល់ដឹងពីច្បាប់ចរាចរណ៍ បិតស្ទីកគ័រ និងចងបដាស្ដីពីសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្ត។

*ទី៨៖ បន្តចុះអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីយានដ្ឋានជួសជុល កែច្នៃ និងដំឡើងយានយន្តក្នុងភូមិសាស្ត្រខេត្តកំពង់ចាមឱ្យគោរពតាមបទដ្ឋានបច្ចេកទេស និងលក្ខណៈបច្ចេកទេសដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយយានយន្តគ្រប់ប្រភេទខុសលក្ខណៈបច្ចេកទេស និងលុបបំបាត់
ចោលទាំងស្រុកយានយន្តខុសលក្ខណៈបច្ចេកទេសធ្វើចរាចរណ៍លើដងផ្លូវ។

*ទី៩៖ ត្រូវសហការជាមួយអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះអប់រំផ្សព្វផ្សាយ និងចាត់វិធានការបន្ទាន់ចំពោះសំណង់មិនរៀបរយ តូបលក់ដូ ដែលរំលោភបំពានដីចំណីផ្លូវ។

*ទី១០៖ ត្រូវសហការជាមួយអាជ្ញាធរឃុំ-សង្កាត់ ចុះអប់រំណែនាំ និងចាត់វិធានការបន្ទាន់ដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន ដែលចាក់ដីលុបមុខទឹក ដោយដាក់លូមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស៕