(វៀងច័ន្ទន៍-ឡាវ)៖ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវរបស់សម្តេចតេជោ នៅវៀងច័ន្ទន៍ ប្រទេសឡាវ សម្តេចបានជំរុញឲ្យភាគីកម្ពុជា-ឡាវ ពន្លឿនការចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ នៅប្រទេសឡាវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈនេះ។
សេចក្តីប្រកាសព័ត៌មាន បានកត់សម្គាល់ថា «សម្តេចតេជោ បានលើកទឹកចិត្តឲ្យភាគីទាំងពីរពន្លឿន ការចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងសកម្មភាពសេដ្ឋកិច្ចនានារវាងប្រទេសទាំងពីរ»។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានកត់សម្គាល់ ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារ ក្នុងឆ្នាំ២០២១ ទៅ ២១០លានដុល្លារ នៅឆ្នាំ២០២២។
សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូលចំនួន ១១ រួចហើយ គឺ៖កម្ពុជា-សិង្ហបុរី, កម្ពុជា-ថៃ, កម្ពុជា-ចិន, កម្ពុជា-វៀតណាម, កម្ពុជា-តំបន់រដ្ឋបាលពិសេសហុងកុង, កម្ពុជា-ព្រុយណេ, កម្ពុជា-ឥណ្ឌូណេស៊ី, កម្ពុជា-ម៉ាឡេស៊ី, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-តំបន់រដ្ឋបាលពិសេសម៉ាកាវ, និង កម្ពុជា-តួកគី។
ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងធ្វើការចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជាមួយប្រទេសដៃគូមួយចំនួន ដូចជា ហ្វីលីពីន ជប៉ុន ឡាវ និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
គូសបញ្ជាក់ថា កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ផ្តល់អត្ថប្រយោជន៍ លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យប្រាកដប្រជា ក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើនមូលដ្ឋានគិតពន្ធ តាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស។
លើសពីនោះទៀត ការការពារនិវាសនជន ពីប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធ៕