(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង រួមទាំងគណៈអភិបាលក្រុងស្ទឹងត្រែង និងគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ បានអញ្ជើញចុះត្រួតពិនិត្យនៅស្ថានភាពជាក់ស្តែង ការដ្ឋានសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង ដែលជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ របស់ក្រសួងសារធារណការ និងដឹកជញ្ជូន ក្រោមកម្ចីឥណទាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងស្ថាបនាបានប្រមាណ ៤០ ភាគរយហើយ ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានចូលរួមអមដំណើរដោយអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន លោកអនុប្រធាន មន្ទីរអង្គភាពដែរពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសចុះពិនិត្យ និងស្វែងយល់ពីទីលានចាក់សំរាមនេះ លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា «នេះជាទីលានចាក់សំរាមលើកដំបូងនៅខេត្តស្ទឹងត្រែង ដែលបង្កើតឡើងមានលក្ខណៈស្តង់ដារត្រឹមត្រូវតាមបច្ចេកទេស ទីកន្លែងធំទូលាយ ដែលគ្រោងស្ថាបនារួចរាល់ នៅចុងឆ្នាំ២០២៣»

លោកបានបន្ថែមថា បញ្ហាសំរាមគឺមានសារៈសំខាន់បំផុត ដែលអាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យមានប្រសិទ្ធភាពខ្ពស់ ពីព្រោះប្រសិនបើគ្រប់គ្រងមិនបានល្អទេ វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាពអចិន្ត្រៃយ៍របស់ប្រជាពលរដ្ឋ ដែលជាហានិភ័យខ្ពស់បំផុតដល់សុខភាពរបស់ពួកគេ។

លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគួរគិតគូរ ពីបញ្ហានានាដូចជា សុខភាពរបស់ប្រជាពលរដ្ឋ, ការគ្រប់គ្រងនៅកាកសំណល់សំរាមតាមក្រុងស្រុក ព្រោះកត្តាការប្រើប្រាស់ នៅថង់ប្លាស្ទិក និងកាកសំណល់សំរាម មានការកើនឡើងពីមួយឆ្នាំទៅឆ្នាំ ដែលកាកសំណល់ទាំងនោះ ហើយដែលអាចប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ ក៏ដូចលំហរអាកាស ផងដែរ ។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ទៀតថា «ទីលានចាក់សំរាមនេះ យើងទទួលបានកម្ចីពីដៃគូអភិវឌ្ឍន៍ដែលតម្រូវឲ្យមានលក្ខខណ្ឌ ហើយលក្ខខណ្ឌទាំងនេះ គឺជាលក្ខខណ្ឌមួយដែលផ្ដល់អត្ថប្រយោជន៍ និងការអភិវឌ្ឍភាពរឹងមាំដល់ ម្ចាស់គម្រោង ដោយផ្ដោតទៅលើ៖ ទីតាំងសាងសង់, បរិស្ថាន (ផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន), សុខមាលភាពរបស់ប្រជាពលរដ្ឋ, អត្ថប្រយោជន៍ និងមាននិរន្តរភាពស្ថិរយូរអង្វែង»

លោកក៏បានជំរុញឲ្យរដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវតែគិតគូរឲ្យបានល្អិតល្អន់សម្រាប់ទីតាំងចាក់សំរាមផ្សេងទៀតដែលស្ថិតនៅតាមបណ្ដាក្រុង/ស្រុក ដែលទីតាំងទាំងនោះ រួមមាន ទីលានចាក់សំរាម និងស្ថានីយចម្រោះទឹកកខ្វក់ និងស្នើឲ្យក្រុមហ៊ុនម៉ៅការ សាងសង់ ត្រូវយកចិត្តទុកដាក់ ក្នុងស្ថាបនាឲ្យស្របតាមបច្ចេកទេសតាមគម្រោង ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែងផងដែរ៕