(ភ្នំពេញ)៖ កម្មវីធីជីវិតពិត «មុខរបរខ្ញុំ» រដូវកាលទី២របស់ស្ថានីយទូរទស្សន៍ ភីអិនអិនបានវិលមកសារជាថ្មីម្តងទៀតហើយ នឹងមានការចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះតទៅជារៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រវេលាម៉ោង៨ ដល់ ៨៖៣០នាទី។
កម្មវីធីជីវិតពិត «មុខរបរខ្ញុំ» រដូវកាលទី២នេះត្រូវបានគេរំពឹងថា នឹងកាន់តែមានភាពអស្ចារ្យ និងល្អជាងមុនជាមួយនឹងបេក្ខជន-បេក្ខនារី ចំនួន១០រូបដែលបានសម្រាំងចេញពីតាមបណ្តាខេត្តក្រុងនានា បានមកធ្វើការ បញ្ចេញនូវទេព្យកោសល្យ និងសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់នៅលើស្ថានីយទូរទស្សន៍ ភីអិនអិន។
ថ្លែងក្នុងសិន្និសិទ្ធសាព័ត៌មានកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នៅសណ្ឋាគារភ្នំពេញលោក ជីមមី ដែលជាផលិតករប្រតិបត្តិបាននិយាយថា សម្រាប់ភាពខុសគ្នារវាងកម្មវីធីជីវិតពិត «មុខរបរខ្ញុំ» រដូវកាលទី១នឹងទី២នោះគឺត្រង់ មុខរបរខ្ញុំរដូវកាលទី១ផ្តោតលើតែអាជីពតែមួយប៉ុណ្ណោះគឺបង្កើតភោជនីយដ្ឋាន ហើយបេក្ខជនដែលដាក់ពាក្យមកតម្រូវឲ្យបង្កើតមុខរបរលក្ខណៈជាភោជនីយដ្ឋាន។ ដោយឡែកចូលដល់រដូវកាលទី២គឺមានរយៈ៩សប្តាហ៍ហើយមាន៨វិញ្ញាសា អាជីវកម្មខុសៗគ្នា នឹងនៅរាល់សប្តាហ៍ គឺមានភាពប្លែកព្រោះដោយមានការផ្តាស់ប្តូរពីរដូវកាលទី១។
លោកបានបញ្ជាក់បន្ថែមថា“មុខរបរខ្ញុំ”រដូវកាលទី២នេះ នឹងមានបេក្ខជនចូលរួមប្រកួតចំនួន១០នាក់ ដើម្បីក្លាយជាអ្នកជំនួញឆ្នើម។ កម្មវិធីនេះតម្រូវអោយបេក្ខជន ចេះធ្វើការជាក្រុមហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នា ចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារប្រកួតប្រជែងគ្នា ដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ២០លានរៀល។ រៀងរាល់សប្ដាហ៍ នឹងមានបេក្ខជនម្នាក់ធ្លាក់ចេញពីកម្មវិធី ដែលការសម្រេចនឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត របស់បេក្ខជនចូលរួម ក្នុងកម្មវិធី រហូតដល់សប្ដាហ៍ទី៩ ទើបរកឃើញជ័យលាភី។
សូមបញ្ជាក់ថា បេក្ខជនក្នុងកម្មវិធី «មុខរបរខ្ញុំ» នឹងចាប់ផ្ដើមការប្រកួតរបស់ពួកគេនៅថ្ងៃទី៤ កក្កដា វេលាម៉ោង ៨:០០ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។ អ្នកជំនួញឆ្នើមនឹងឈ្នះនៅក្នុងកម្មវិធីនេះ៕