(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើជាប្រធានអាស៊ានរបស់ឡាវ នៅឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបណ្តាញ Fresh News ទទួលបាន។
តបតាមការអញ្ជើញរបស់ លោក សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការ នៅវៀងច័ន្ទន៍ ចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រយ៉ាងសកម្ម ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ និងបានបញ្ជាក់សាជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះការធ្វើជាប្រធានអាស៊ានរបស់ឡាវឆ្នាំ២០២៤»។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិផងដែរ។
សូមជម្រាបថា ឡាវបានចូលអាស៊ាន ទន្ទឹមគ្នាជាមួយនឹងមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងបានធ្វើជាប្រធានអាស៊ាន ចំនួន២ដង រួចមកហើយគឺនៅឆ្នាំ២០០៤-២០០៥ និងឆ្នាំ២០១៦៕