(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធអគារស្នាក់នៅ១ខ្នង និងបន្ទប់ទឹក១ខ្នង របស់អង្គការពន្លឺអនាគត ដែលមានទីតាំងស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជាច្រើនរូបទៀតផងដែរ។
លោក នួន សុថេរ៉ូ ប្រធានអង្គការពន្លឺអនាគត បានលើកឡើងថា អង្គការពន្លឺអនាគតមានការផ្តល់សេវាថែទាំបានល្អប្រសើរ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ កុមារកំព្រា កុមារក្រីក្រ និងកុមារងាយរងគ្រោះកម្ពុជា តាមរយៈការផ្ដល់ អន្តេវាសិកដ្ឋាន ការហូបចុក ថែទាំសុខភាព និងការអប់រំនៅក្នុងមណ្ឌលដោយមានភាសារអង់គ្លេស ជំនាញកុំព្យូទ័រ ជំនាញអេឡិចត្រូនិច សិល្បៈបុរាណ ព្រមទាំងបញ្ជូនទៅរៀននៅសាលារៀនរដ្ឋ ពីថ្នាក់បឋមសិក្សា រហូតដល់ មហាវិទ្យាល័យ ដើម្បីឱ្យពួកគេមានសមត្ថភាព ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតបានដោយខ្លួនឯងនាពេល អនាគត និងមិនមានការរើសអើងកុមារ ផ្តោតលើការគោរពសិទ្ធិកុមារ និងអនុវត្តតាមបទដ្ឋានថែទាំជំនួស អប្បរមា របស់ក្រសួងសង្គមកិច្ច។
ប្រធានអង្គការរូបនេះបានបន្តថា អង្គការពន្លឺអនាគត សាខាខេត្តរតនគិរី បានចាប់ផ្តើមទទួលយកកុមារមកចិញ្ចឹមបីបាច់ថែរក្សាចាប់តាំង ពីឆ្នាំ២០០៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ សរុបចំនួន៩៦នាក់ ដែលក្នុងនោះកុមារ ចំនួន៣១នាក់ បានរៀនចប់ និងមានការងារធ្វើអាចរស់នៅដោយឯករាជ្យ មានទិសដៅអនុវត្តជាប្រចាំ គឺអង្គការពន្លឺអនាគតបន្តទទួលយកកុមារកំព្រា និងកុមារងាយរងគ្រោះ មកចិញ្ចឹមបីបាច់ថែរក្សា និងស្វែងរកសេវាបន្ត ដើម្បីជួយគាំទ្រពួកគេឱ្យមានចំណេះ ជំនាញពិតប្រាកដសំរាប់អនាគតរបស់ពួកគេ។
នាឱកាសនេះលោក ញ៉ែម សំអឿន បានថ្លែងអំណរគុណចំពោះ លោកស្រី ប៉ា ស្កាល់ ជាស្ថាបនិក និងជាប្រធានអង្គការ គ្លេនហេស្សិន នៅប្រទេសអូទ្រីស និងជាតំណាងដៃគូរអភិវឌ្ឍន៍ ព្រមទាំងក្រុមគ្រួសារ ដែលមានទឹកចិត្តសប្បុរសជ្រះថ្លា និងយកចិត្តទុកដាក់ចំពោះ សេចក្តីស្រែកឃ្លានក្នុងការចាប់យកចំណេះដឹង របស់ក្មួយៗនៅក្នុងមណ្ឌលនេះ និងកុមារក្នុងសហគមន៍ ដែលបានឧបត្ថម្ភថវិកាក្នុងការសាងសង់សមិទ្ធផលខាងលើ បំពាក់ឧបករណ៍ និងគ្រឿងសង្ហារឹមក្នុងការថែទាំ និងដើម្បីលើកស្ទួយការបណ្តុះបណ្តាល ផ្នែកធនធានមនុស្សឱ្យកាន់តែសំបូរបែបប្រកបដោយសមត្ថភាព និងគុណភាព។
លោកអភិបាលខេត្ត បានចាត់ទុកអំណោយដ៏ថ្លៃថ្លានេះ គឺជាការចូលរួមដ៏ធំធេងក្នុងការកាត់បន្ថយភាពលំបាករបស់កុមារកំព្រា កុមារក្រីក្រ និងកុមារងាយរងគ្រោះ ជាពិសេសកុមារ ដែលជាកូន ជាចៅ របស់បងប្អូនជនជាតិដើមភាគតិច ដែលស្ថិតនៅក្នុងសហគមន៍ទាំងមូលក្នុងខេត្តរតនគិរី ហើយបានចាត់ទុកវិស័យអប់រំជាកូនសោរដ៏សំខាន់ក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រទេសកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះលោកអភិបាលខេត្តរតនគិរី បានឧបត្ថម្ភ អង្ករ១តោន សម្ភារៈសិក្សា៧០ឈុត និងថវិកា ៤លានរៀលដើម្បីសម្រួលក្នុងការហូបចុកនិងការសិក្សារៀនសូត្ររបស់ក្មួយៗក្នុងមណ្ឌលនេះ។ ដោយឡែកលោក ចាន់ រតនា បានឧបត្ថម្ភសាប៊ូដុសខ្លួនចំនួន ១២កេស និងអង្គការគ្លេនហេស្សិន ប្រទេសអូទ្រីស ក៏បានផ្តល់កង់ចំនួន ៤១គ្រឿងផងដែរ៕