(ឡាវ)៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ជំរុញការបើកឡើងវិញ នូវជើងហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍ និងសម្តែងការស្វាគមន៍ ចំពោះការបើកឡើងវិញនូវជើងហោះហើរត្រង់ ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ ដើម្បីទាក់ទាញភ្ញៀវទេសចរនៃប្រទេសទាំងពីរ។
ភាគីកម្ពុជា និងឡាវ ជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅវៀងច័ន្ទន៍ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន ។
ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យបើកនូវការហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញឡើងវិញផងដែរ ខណៈដែលប្រទេសទាំងពីរបានបើកប្រទេសទាំងស្រុងវិញហើយ។
ការជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-ឡាវនេះ ដោយនាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
សូមជម្រាបថា ជើងហោះហើររវាងកម្ពុជា និងឡាវ ត្រូវបានផ្អាកបណ្តោះអាសន្នមួយរយៈ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩៕