(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប ទទួលបានមហាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនឯង និងគ្រួសារ Galaxy Navatra Group ក្រោយពីអ្នកឧកញ៉ា បានរួមដំណើរតាមជើងហោះហើរ ពិសេស ជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទសន្សកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយនៅក្នុងឱកាសនោះ អ្នកឧកញ៉ា បានទទួលបំពាក់មេដៃស្ថាបនាជាតិឡាវ ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ នៅទីនោះផងដែរ។

ការបំពាក់មេដៃជូនអ្នកឧកញ៉ាវ័យក្មេងរូបនេះ ជាការបង្ហាញឲ្យឃើញពីការចូលរួមចំណែករបស់អ្នកឧកញ៉ាយ៉ាងធំធេង ប្រកបដោយទឹកចិត្តមនុស្សធម៌សម្រាប់ប្រទេស និងប្រជាជនឡាវ។ ជាក់ស្តែង កាលពីឆ្នាំ២០២១កន្លងទៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ដល់ជំនួយជាថវិកាចំនួន ២លានដុល្លារអាមេរិក ជូនដល់នាយករដ្ឋមន្រ្តីឡាវ ដើម្បីប្រយុទ្ធប្រឆាំងមេរោគរាតត្បាតសកលកូវីដ-១៩ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ, លោកឧកញ៉ា ឡេង ប្រុស ឧកញ៉ា ឡេង និមលឧកញ៉ា ឡេង បញ្ចពណ៌ ព្រមទាំងក្រុមគ្រួសារ Galaxy Navatra Group ទាំងអស់សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងការគោរពកោតសរសើរចំពោះ អ្នកឧកញ៉ាដែលនេះ គឺជាកិត្តិយសដ៏ធំធេងរបស់ក្រុមហ៊ុន ​និងសង្គមជាតិទាំងមូល។

យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាអ្នកឧកញ៉ា និងលោកជំទាវ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕