(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ (ថ្ងៃទី១៤ កុម្ភៈ) នេះថា នៅពេលពិភពលោក ប្រារព្ធទិវានៃក្តីស្រឡាញ់ចំពោះគូស្នេហ៍ ក៏ប៉ុន្តែនៅកម្ពុជា យើងប្រារព្ធទិវានេះ ដើម្បីបង្ហាញក្តីស្រឡាញ់ដល់ឪពុកម្តាយ គ្រូបាធ្យាយ ប្រពន្ធ កូន មិត្តភក្តិ ថ្នាក់ដឹកនាំប្រទេសជាតិជាដើម។ ជាពិសេសយើងចង់សម្ដែងសេចក្តីស្រឡាញ់ ដល់អ្នកផ្ទុកមេរោគអេសដ៍ និងសូមអំពាវនាវកុំឲ្យមាន ការរើសអើង និងទទួលយកអ្នកផ្ទុកមេរោគអេដស៍ថា ជាមនុស្សដូចគ្នា ជាបងប្អូនជនរួមជាតិដូចគ្នា។ ជាមួយគ្នានេះ យើងក៏យកឱកាសនេះ ដើម្បីបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការរើសអើង ដល់អ្នកស្រឡាញ់ភេទដូចគ្នាឡើយ។ យើងស្រឡាញ់រាប់អានអ្នកស្រឡាញ់ភេទដូចគ្នា គ្រប់ៗគ្នាទាំងអស់។
ការថ្លែងរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអប់រំ ផ្តល់សាររំឭកអំពីការបង្ការការចម្លងមេរោគអេដស៍ ដែលជាសារដាស់តឿនក្រើនរំឭក ដល់សាធារណជនទូទៅ ពិសេសក្រុមប្រជាពលរដ្ឋប្រឈមមុខ នឹងការឆ្លងមេរោគអេដស៍ជាងគេ ក៏ដូចជាយុវវ័យកុំឲ្យភ្លេចខ្លួន បាត់បង់ការទទួលខុសត្រូវ ភាពម្ចាស់ការ និងជួយខ្លួនឯងកុំឲ្យឆ្លងមេរោគអេដស៍ នៅក្នុងទិវាអន្តរជាតិនៃក្ដីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៣ នៅទីធ្លាខាងមុខអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផ្ទាល់តែម្ដង។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានអញ្ជើញទស្សនានៅតាមបណ្តាស្តង់តាំងពិពណ៌ដែលមានដូចជា ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមស្រីស្អាត។ នៅចំពោះមុខក្រុមបុរសរួមភេទជាមួយបុរស (MSM) លោកទេសរដ្ឋមន្រ្តី បានថ្លែងលើកទឹកចិត្តឲ្យសកម្មជនទាំងនោះ ខិតខំបន្តយកចិត្តទុកដាក់ ផ្តល់សារឲ្យកាន់តែទូលំទូលាយដល់ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទ (TG)។
លោកទេសរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា អ្វីដែលយើងចង់បាន គឺអ្នកស្រឡាញ់ភេទដូចគ្នា រួចផុតពីការឆ្លងជំងឺអេដស៍ ព្រោះថាអត្រាចម្លងមេរោគអេដស៍ ក្នុងក្រុមបុរសរួមភេទជាមួយបុរស មានអត្រាកើនឡើងជាបន្តបន្ទាប់ និងអត្រាខ្ពស់ គឺមានរហូត៤% បើធៀបទៅនឹងការឆ្លងក្នុងចំណោមប្រជាជនទូទៅ ដែលមានត្រឹមតែ០.៦% តែប៉ុណ្ណោះ។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានលើកទឹកចិត្តឲ្យក្រុមបុរសរួមភេទជាមួយបុរស បង្កើនការបង្ការកុំឲ្យមានការឆ្លងឲ្យបានខ្លាំងបំផុត ដោយប្រើស្រោមអនាម័យ ឬលេបថ្នាំមុនរួមភេទ (PreP) ជាដើម។ សូមកុំភេ្លចថា បុរសរួមភេទជាមួយបុរសដូចគ្នា ក៏ឆ្លងមេរោគអេដស៍ដែរ ប្រសិនបើគ្មានការការពារ។
នៅក្នុងឱកាសនោះ ក៏មានការចែកជូនអាវយឺត ខិត្តប័ណ្ណអប់រំផ្សព្វផ្យាយពីមេរោគអេដស៍ និងជំងឺអេដស៍ ផ្តល់សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ និងចែកស្រោមអនាម័យជូនដោយឥតគិតថ្លៃ។
យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ មានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងមានការសហការជាមួយអង្គការដៃគូរជាច្រើនរួមមាន អង្គការ PSI, AHF, KHANA, FHI360 រួមជាមួយអង្គការឈូកស៕