(ភ្នំពេញ)៖ នៅវេលាម៉ោង១រសៀលថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ គឺជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនង និងដាក់ចេញផែនការសកម្មភាពសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ប្រតិភូអមដំណើរសម្តេចតេជោបំពេញទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយន៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំប្រទេសឡាវរួមមាន ប្រមុខរដ្ឋ ប្រធានសភា និងនាយករដ្ឋមន្ត្រី។ ជាពិសេសនៅឯព្រលានយន្តហោះក្នុងទីក្រុងវៀងច័ន្ទ ក្រៅតែពីកងកិត្តិយសហើយនោះ គេក៏ឃើញមានមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សជាច្រើនរូប ត្រូវបានឈរហែហមនៅព្រលានយន្តស្វាគមន៍ចំពោះវត្តមានរបស់សម្តេចតេជោ។ ទិដ្ឋភាពនេះ ជាការបង្ហាញឱ្យឃើញនូវរបៀបរបបពិធីការ នៃ ការបដិសណ្ឋារកិច្ចកម្រិតខ្ពស់មួយ ដែលរដ្ឋាភិបាលឡាវ រៀបចំទទួលដំណើររបស់សម្តេចតេជោ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយនាយករដ្ឋមន្ត្រីឡាវ ប្រមុខរដ្ឋឡាវ និងប្រធានរដ្ឋសភាឡាវ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ឡាវ បានពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេសទាំងសម្តេចតេជោ និងថ្នាក់ដឹកនាំឡាវ សុទ្ធតែបានមើលឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ កាន់តែល្អប្រសើរ។
សម្រាប់កិច្ចប្រជុំទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាផ្តោតសំខាន់លើបញ្ហាជាច្រើន លើគ្រប់វិស័យរួមមាន នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។ សំដៅពូនជ្រំថែមទៀត នូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។
ភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ក្រោយពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ដែលរហូតមកដល់ពេលនេះ មានអាយុកាលប្រមាណ ៦៧ឆ្នាំហើយ ហើយដែលបានក្លាយជា «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង» នៅឆ្នាំ២០១៩។
មេដឹកនាំទាំងពីរ ក៏បានកត់សម្គាល់ដោយការពេញចិត្ត ដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០លានដុល្លារអាមេរិកនៅឆ្នាំ២០២២។
សម្តេចតេជោ បានជំរាបលោក សនសៃ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្ន (DTA) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
មេដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបើកឡើងវិញនូវជើងហោះហើរត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។
សម្តេចតេជោ បានស្នើឱ្យឡាវបើកនូវការហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ដើម្បីជាការរួមចំណែកជំរុញវិស័យទេសចរណ៍ ដែលជាវិស័យមានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការស្តាសេដ្ឋកិច្ចប្រទេសទាំងពីរ ក្រោយព្រឹត្តិការណ៍ជម្ងឺឆ្លងកូវីដ១៩។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សម្តេចតេជោ និងលោក សនសៃ បានឯកភាពគ្នាជំរុញឱ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរបញ្ញាវន្ត អ្នកស្រាវជ្រាវ ផ្លាស់ប្ដូរស្នាដៃបោះពុម្ភផ្សាយស្នាៃដ ស្រាវជ្រាវ និងរៀបចំកម្មវិធីនានា ដើម្បីចែករំលែកចំណេះដឹង និងការស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។
មេដឹកនាំទាំងពីរ បានជំរុញឱ្យភាគីទាំងពីរពន្លឿនបញ្ចប់ការស្រាវជ្រាវរួមគ្នាស្តីពី «ទំនាក់ទំនងកម្ពុជា-ឡាវ៖ ប្រវត្តិសាស្ត្រ វប្បធម៌ និង ទំនាក់ទំនងប្រជាជននៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ និងការរៀបចំវចនានុក្រមឡាវ-ខ្មែរ និង ខ្មែរ-ឡាវ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស និស្សិតប្រទេសទាំងពីរ។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិវិញ មេដឹកនាំទាំងពីរ បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឱ្យមានប្រសិទ្ធភាព តាមរយៈការចែករំលែកព័ត៌មានរវាងអាជ្ញាធរនៅតាមតំបន់ព្រំដែនឱ្យទាន់ពេលវេលា។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល មេដឹកនាំប្រទេសទាំងពីរ បានឯកភាពជំរុញឱ្យក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា និងឡាវ ដើម្បីធានាស្ថិរភាព និងសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធកិច្ចការព្រំដែន មេដឹកនាំទាំងពីរ មានការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើខណ្ឌសីមា និងបោះបង្គោលព្រំដែនបាន១២១ បង្គោល ស្មើនឹង ៨៦% នៃព្រំដែនរួម និងបានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេច និងជំនួបពិភាក្សាជាមួយមេដឹកនាំឡាវនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិទាំងពីរ ដោយហេតុថាសម្តេច និង សនសៃ ស៊ីផាន់ដន បានចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សម្តេចតេជោ និងងលោក សនសៃ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។
មេដឹកនាំទាំងពីរ បានឯកភាពថា នឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២។ សម្តេចបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះឡាវជាប្រធានអាស៊ានឆ្នាំ២០២៤។
នៅក្រោយជំនួបពិភាក្សាការងារទ្វេភាគីនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះហត្ថលេខាជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧។
បន្ថែមពីលើនោះនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ចុះហត្ថលេខាដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងលោក សាលើមស គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវ។
នៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានប្រមុខរដ្ឋឡាវលោក ថងលុន ស៊ីសូលីត បំពាក់គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង ឬពរជ័យឡានសាង» ផងដែរ។
គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង» ជាមេដាយមានគុណតម្លៃខ្ពស់បំផុតរបស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ។
សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយបណ្តាប្រទេសភូមិផងរបងជាប់កម្ពុជា។ សម្រាប់ប្រទេសឡាវ មិនត្រឹមទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ក្នុងការពង្រឹងចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែសម្តេចតេជោ តែងចូលរួមចំណែកដោះស្រាយរាល់ពេលឡាវ ជួបការលំបាកនានា។
កាលពីឆ្នាំ២០២១ នៅពេលឡាវ ជួបការលំបាកដោយសារការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាបន្តបន្ទាប់នូវជំនួយជាថវិកា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជិត ១លានដូស គ្រឿងបរិក្ខារពេទ្យ និងរថយន្តសម្រាប់ដឹកវ៉ាក់សាំងប្រមាណជា ១០គ្រឿង។ ថវិកាដែលសម្តេចតេជោ បានជួយទៅប្រទេសឡាវ មានសរុបជាង ១៣លានដុល្លារ។ ក្នុងនោះថវិកាជាង ១លានដុល្លារ ជារបស់រាជរដ្ឋាភិបាល និង១០លានដុល្លារ ជាការចូលរួមរបស់សប្បុរសជនតាមរយៈសម្តេចតេជោ។
ការជួយជ្រោមជ្រែងក្នុងគ្រាឡាវជួបការលំបាកនេះហើយ ទើបធ្វើឱ្យរដ្ឋាភិបាល និងប្រជាជនឡាវ ផ្តល់ការគោរពយ៉ាងធំធេងសម្រាប់សម្តេចតេជោ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយឈានដល់ការផ្តល់គ្រឿងឥស្សរិយយសកម្រិតកំពូលជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។
សម្តេចតេជោ បានថ្លែងគូសបញ្ជាក់ថា «មោទនភាពដែលខ្ញុំទទួលបាននៅពេលនេះ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល ហើយជាការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនឡាវ ជាបងប្អូនក្នុងការពូនជ្រុំទំនាក់ទំនងល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកផងដែរថា ចំណងមិត្តភាពជាប្រពៃណី ជាបងប្អូនកម្ពុជា-ឡាវ រាប់សតវត្សរ៍មកនេះ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការធ្វើឱ្យសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
សម្តេចតេជោ បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា គ្រឿងឥស្សរិយយសនេះ នឹងមានគុណតម្លៃជាប្រវត្តិសាស្ត្រ គឺជានិមិត្តរូបដ៏សំខាន់គ្មានពីរ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ក្រៅតែពីការបំពាក់គ្រឿងឥស្សរិយយសកម្រិតកំពូលរបស់ឡាវ ជូនសម្តេចតេជោហើយនោះ រដ្ឋាភិបាលឡាវ ក៏បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា ឧកញ៉ា របស់កម្ពុជា ៦រូប ដែលបានឧបត្ថម្ភថវិកា ជូនរដ្ឋាភិបាលឡាវ សម្រាប់ដោះស្រាយការលំបាកពីការរាតត្បាតជំងឺកូវីដ១៩ផងដែរ។
អ្នកឧកញ៉ា ឧកញ៉ាទាំង៦រូបនោះរួមមាន អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា Guy Chhay លោក៉កញ៉ា Ing Seav Meng និងឧកញ៉ា លី ហុង។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវ នាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយនិស្សិត និងសិក្ខាកាមរបស់កម្ពុជាទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធ ដែលកំពុងសិក្សានៅប្រទេសឡាវប្រមាណ ៨៦រូប។
ក្នុងឱកាសនោះ សម្តេចតេជោ បានណែនាំដល់និស្សិត និងសិក្ខាកាមទាំងអស់ប្រឹងប្រែងក្រេបជញ្ជក់យកចំណេះវិជ្ជាទៅបម្រើជាតិមាតុភូមិ។
សម្តេចតេជោ ក៏បានក្រើនរំលឹកដល់ពួកគេ ឱ្យប្រឹងប្រែងរក្សាទំនាក់ទំនង់ល្អជាមួយសាស្ត្រាចារ្យ និស្សិត និងប្រជាជនឡាវ៕