(រតនគិរី)៖ ក្រុមចោរមួយក្រុមមានគ្នា២នាក់ ប្រដាប់ដោយអាវុធវែងមួយដើម មិនស្គាល់ម៉ាក បានចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយប្រមូលបានទ្រព្យសម្បត្តិមួយចំនួនធំ។ មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ កើតឡើងនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដែលមានម្ចាស់ផ្ទះឈ្មោះ ហ្វៀង វ៉ាងគាន អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងប្រពន្ធឈ្មោះ ទូច ស្រីនិច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចបន្ដថា មុនពេលកើតហេតុ មានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងចាប់ម្ចាស់ផ្ទះចង ក្រោយមកក្រុមចោរនេះ បានប្រមូលយកទ្រព្យសម្បត្តិមួយចំនួនដូចជា ខ្សែកមាស២ជី ខ្សែដៃប្លាកទីន២ជី ជញ្ជៀនមាស២វង្វង់(២ជី) បារី២០សុង លុយខ្មែរចំនួន៦០ម៉ឺនរៀល និងលុយវៀតណាម១លានដុង ក្រោយមករត់គេចខ្លូនបានស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងរកជនសង្ស័យ មកមកផ្តន្ទាទោសតាមច្បាប់។
ទាក់ទិនករណីនេះដែរ ប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សមត្ថកិច្ចនៅខេត្តរតនគិរី មានការយឺតយ៉ាវ ក្នុងការអន្តរាគមន៍ ខណៈពេលដែលមានហេតុការណ៍កើតឡើងម្ដងៗ ហើយករណីចោរប្លន់ប្រដាប់អាវុធកើតឡើងកន្លងមក សមត្ថកិច្ចធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោស តាមច្បាប់នោះ នៅមានកម្រិត៕