(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកឡើងថា ស្ត្រីកម្ពុជាតែងទទួលបានការចូលរួម ក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ អន្តរជាតិ និងត្រូវបានលើកទឹកចិត្ត ឲ្យចាប់យកតួនាទីសំខាន់ៗដោយស្មើភាព គ្មានការរើសអើង។
ការលើកឡើងរបស់លោកស្រី ខៀវ ស៊ីណា ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់៩ ក្រុងស្រុក៨១ ឃុំសង្កាត់ និងថ្នាក់ដឹកនាំជានារី នៅក្នុងខេត្តកំពង់ធំថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោកស្រី ខៀវ ស៊ីណា បានថ្លែងថា «ជាក់ស្ដែងនៅកម្ពុជា ស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្ត និងអភិបាលកិច្ចមានស្ត្រី ជាសមាជិកាព្រឹទ្ធសភា ស្ត្រីជាសមាជិការដ្ឋសភា ស្ត្រីជាថ្នាក់ដឹកនាំរដ្ឋាភិបាលមានឋានៈជា ឧបនាយករដ្ឋមន្ត្រី ស្ត្រីជារដ្ឋមន្ត្រី ស្ត្រីជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ស្តីជារដ្ឋលេខាធិការ ស្ត្រី ជាអនុរដ្ឋលេខាធិការជាដើម»។
លោកស្រីបន្ថែមថា បើក្រឡេកមើលសង្គមកម្ពុជាបច្ចុប្បន្ន មានការផ្លាស់ប្តូរ និងរីកចម្រើនជាបន្តបន្ទាប់ ពិសេសផ្នែកឌីជីថល និងតិចណូឡូជីទំនើបថ្មីៗ ដែលផ្តល់ភាពងាយស្រួល ក្នុងការងារក៏ដូចជាជីវភាពរស់នៅ ការងារក្នុងវិស័យឌីជីថល និងតិចណូឡូជីនេះ ការងារដែលមានសារៈសំខាន់ អាចសាងកេរ្តិ៍ឈ្មោះ និងរកប្រាក់ចំណូលបានយ៉ាងច្រើន ប៉ុន្ដែជំនាញនេះ គឺមានបុរសភាគច្រើន ចំណែកស្ត្រីមានភាគតិចណាស់ក្នុងការធ្វើការងារនេះ។
លោកស្រីបញ្ជាក់ថា ជាការយល់ខុសទាំងស្រុងលើការអប់រំ និងជំនាញវិជ្ជាជីវៈ តាមពិតទៅការងារនេះ មិនមែនសម្រាប់តែបុរសទេ តែគួរតែមានសម្រាប់ស្ត្រី និងក្មេងស្រី ព្រោះស្ត្រី និងក្មេងស្រីសុទ្ធតែមានបញ្ញាវាងវៃ ទេពកោសល្យ គំនិតច្នៃប្រឌិត ការបង្កើតថ្មី មិនចាញ់បុរសទេ តែសំខាន់គឺការផ្ដល់ឱកាសឱ្យពួកគាត់ ក្នុងការសម្រេចចិត្តរៀនសូត្រ និងចូលរួមក្នុងវិស័យការងារនេះ ដែលពួកគេចង់បានហើយនេះជាសិទ្ធិរបស់ពួកគេ ក្នុងការទទួលបាននូវការអប់រំ។
លោកស្រីបានលើកលើកទឹកចិត្តបងប្អូនស្ត្រីទាំងអស់ ខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពតាមរយៈបង្កើនការរៀនសូត្រ ដើម្បីពង្រីកចំណេះដឹងឱ្យទាន់ សភាពការណ៍នៃការវិវត្តិផ្នែកឌីជីផល និងតិចណូឡូជី ដើម្បីឱ្យស្រ្ដីអាចចាប់បានឳកាសថ្មីៗល្អៗ នាពេលខាងមុខទៀត និងបានផ្តាំផ្ញើបងប្អូនទាំងអស់គ្នា មិនត្រូវភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ និងត្រូវចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់ៗគ្នា៕