(ភ្នំពេញ)៖ គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាលចំពោះវិទ្យុ VOD។ គណបក្សនេះចាត់ទុកថា ចំណាត់ការនេះ គឺត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

តាមរយៈសេចក្តីថ្លែងការណ៍នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ បានលើកឡើងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ សារព័ត៌មានរបស់វិទ្យុវីអូឌី (VOD) បានធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា «ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មានខ្វះតក្កវិជ្ជា ការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្អួចកេរ្តិ៍ឈ្មោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាព របស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»

«ចំណាត់ការលុបចោលអាជ្ញាបណ្ណសារព័ត៌មានវីអូឌី (VOD) នេះ គឺជាការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីកម្ពុជាទាំងមូលរួមគ្នាបំបាត់ចោលនូវព័ត៌មានក្លែងក្លាយ បំពានសិទ្ធិអ្នកដទៃ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់ បង្កភាពច្របូកច្របល់ និងហានិភ័យដល់ស្ថិរភាព និងសន្តិសុខជាតិ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ គណបក្សកម្លាំងប្រជាធិបតេយ្យ។

គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។ តាងនាមខ្ញុំបាទ ព្រមទាំងសមាជិក សមាជិកា នៃគណបកកម្លាំងប្រជាធិតេយ សូមប្ដេជ្ញាការពារឱ្យបានរឹងមាំ ជាអមតៈ នូវសន្តិភាព សន្តិសុខ ឯករាជ្យ និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា៕