(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានណែនាំណែនាំដល់អភិបាលក្រុងស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការងារ ដោយមិនត្រូវយកអ្នកសារព័ត៌មាន ជាសត្រូវ និងត្រូវឈរលើស្មារតីរួមសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម។
ការថ្លែងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ក្នុងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រធានមន្ទីរ អភិបាលស្រុក ក្រុងទាំង៨ មន្ត្រីដែលពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។
លោក ម៉ែន វិបុល បានកោតសរសើរ និងអរគុណចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានបង្កើត និងរៀបចំឲ្យមានពិធីជួបជុំសំណេះសំណាលនេះឡើង សរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ការពារ លើកស្ទួយ ក៏ដូចជាផ្ដល់នូវភាពចាំ បាច់មិនអាចខ្វះបានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាចំណែកដើរតួនាទីដ៏សំខាន់នៅក្នុងគ្រប់ទិដ្ឋភាព និងដំណើរប្រព្រឹត្តទៅរបស់សង្គម ជាពិសេសនៅក្នុងបរិបទសម័យកាលបច្ចេកវិទ្យា នៃបដិវត្ដន៍ឧស្សាហកម្ម ៤.០។
លោកបានបញ្ជាក់ថា «ការជួបជុំនេះជាលើកទី១ហើយ ដែលយើងមានរៀបចំពិធីជួបជុំគ្នានេះឡើង ជាការជួបជុំប្រចាំឆ្នាំ ដែលជាការជួបជុំដ៏ចាំបាច់ និងដ៏មានសារៈសំខាន់បំផុត ជាពិសេសការរៀបចំឡើងចំនឹងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ នេះ គឺជាការបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាជាភាតរៈ ទំនាក់ទំនងដ៏ល្អ និងស្អិតរមួត រវាងអាជ្ញាធរ និងបងប្អូនអ្នកសារព័ត៌មានយើង»។
លោកបានបន្ថែមថា «គោលបំណង នៃការជួបជុំរបស់នៅថ្ងៃនេះ ដើម្បីបង្កើនកិច្ចសហការភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នា រវាងរដ្ឋបាលខេត្ត និងវិស័យព័ត៌មានក្នុងខេត្ត ហើយគ្រោងរៀបចំពិធីជួបជុំបែបនេះតាំងពីមុនកូវីដ-១៩មកម៉្លេះ ប៉ុន្តែដោយយោងទៅលើការមមាញឹក រួមផ្សំចៃចន្យចំពេលដែលកូវីដ ផ្ទុះឡើង ក៏យើងខកខាន ហើយពន្យារពេលមករៀបចំនៅឆ្នាំ២០២៣នេះ រៀបចំយឺត ក៏ប្រសើរជាងមិនបានរៀបចំ ពិធីជួបជុំបែបនេះ នឹងបន្តធ្វើទៅមុខទៀតជាប្រចាំឆ្នាំ យ៉ាងហោចឲ្យបានម្ដងក្នុងឆ្នាំ អាស្រ័យដោយស្ថានភាព និងក្របខ័ណ្ឌពេលវេលារបស់យើង»។
លោកអភិបាលខេត្ត ក៏បានអរគុណអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានជួយផ្សព្វផ្សាយព័ត៌មាន អំពីវឌ្ឍនភាព នៃការអភិវឌ្ឍខេត្ត ព្រមទាំងសកម្មភាពការងាររបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ដែលកំពុងបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យប្រជាពលរដ្ឋទូទៅបានដឹង ដោយរួមគ្នាជួយរិះគន់ ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើន។ ជាពិសេសនៅក្នុងបរិបទកូវីដហើយ អ្នកសារព័ត៌មាន ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅក្នុងខេត្ត តាមរយៈការជួយផ្សព្វផ្សាយពីវិធានការការពារ ក៏ដូចជាផ្សព្វផ្សាយពីសារៈសំខាន់ និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងជាដើម។
លោកបានបញ្ជាក់ថា ជាការពិតណាស់ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានដើរតួនាទីយ៉ាងសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងពីគ្រប់ទិដ្ឋភាពសង្គមជូនប្រជាពលរដ្ឋ និងពាំនាំសារពីសុខទុក្ខ បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋមករាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ បានដឹង និងដោះស្រាយ អាចនិយាយបានថាវិស័យសារព័ត៌មាន ជាភ្នែក ជាច្រមុះ និងជាត្រចៀក នាំទៅដល់ការឆ្លុះបញ្ចាំងពីគ្រប់ទិដ្ឋភាព ជាក់ស្តែង ក្នុងការអភិវឌ្ឍន៍ ឬក៏បញ្ហាអវិជ្ជមាននានា ដែលបានកើតឡើងក្នុងសង្គម ឬខេត្តទាំងមូល។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសំណូមពរឲ្យទៅអ្នកសារព័ត៌មាន មុននឹងចុះផ្សព្វផ្សាយព័ត៌មានអ្វីមួយដែលទាក់ទងនឹងកិច្ចការងារផ្សេងៗរបស់រដ្ឋបាលខេត្ត អាចធ្វើការទំនាក់ទំនងមកអ្នកនាំពាក្យរដ្ឋបាលខេត្ត ដែលមានលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ ឬទំនាក់ទំនងជាមួយមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ដើម្បីបានព័ត៌មានកាន់តែច្បាស់បន្ថែមទៀត ដើម្បីចៀសវាងការចុះផ្សាយព័ត៌មាន ដែលមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។
ក្នុងនាមជាអភិបាលខេត្ត លោកនៅតែបញ្ជាក់ថា «យើងខ្ញុំរង់ចាំទទួលជានិច្ចរាល់ការផ្សព្វផ្សាយទាំងព័ត៌មានវិជ្ជមាន និងព័ត៌មានអវិជ្ជមាន ដើម្បីយើងរួមគ្នាធ្វើការដោះសា្រយបញ្ហាឲ្យឱ្យទាន់ពេលវេលាមិនចង់ទៀតទៅ»៕