(ភ្នំពេញ)៖ ប្រទេសជប៉ុនមានទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជាយ៉ាងរឹងមាំ ខណៈដែលជប៉ុនជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំសន្តិភាពមកឲ្យកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយឥតសំណង និងការផ្ដល់ជំនួយបច្ចេកទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមជាមួយនឹងលោក អូអ៉ិណូ អាត់ស៊ូហ្ស៉ី ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា លោកពិតជាអរគុណចំពោះប្រទេសជប៉ុន ដែលបានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយបច្ចេកទេសថែមទៀត។ លោក ឃួង ស្រេង បន្តថា តាមរយៈ ការមិនឲ្យកម្ពុជាសងបំណុល ដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែកស្វែងរកសន្តិភាពឲ្យប្រទេសកម្ពុជា របស់ប្រទេសជប៉ុន វាពិតបានធ្វើឲ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពរឹងមាំ និងស្អិតរមួតទ្វេឡើង។
លោក ឃួង ស្រេង បានបន្តទៀតថា ក្រោមជំនួយរបស់ប្រទេសជប៉ុន តាមរយៈចៃកា ធ្វើអោយរាជធានីភ្នំពេញ អាចកាត់បន្ថយបាននូវការលិចលង់មួយចំណែក។ ប្រជាពលរដ្ឋកម្ពុជា ពិតជាពេញចិត្តពេញថ្លើមចំពោះ ការអភិវឌ្ឍរាជធានីភ្នំពេញ។
បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិសាស្រ្តរបស់កម្ពុជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាបានធ្លាក់ក្នុងរបបប៉ុលពត ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាធ្លាក់ចុះដល់ចំណុចសូន្យ។ ប៉ុន្តែក្រោយពីរំដោះប្រទេសជាតិចេញពីរបបនេះ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍជាបន្តបន្ទាប់ និងបន្តរីកចំរើនមកដល់សព្វថ្ងៃនេះ និងបានធ្វើអោយប្រទេសកម្ពុជាមានមុខមានមាត់នៅលើឆាកអន្តរជាតិថែមទៀតផង។
លោក អូអ៉ិណូ អាត់ស៊ូហ្ស៉ី ក្នុងឱកាសនោះ បានលើកឡើងផងដែរថា ប្រទេសជប៉ុននិងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណ ៧០ ឆ្នាំហើយ។ ក្រៅពីទំនាក់ទំនងការទូតល្អជាមួយគ្នា ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលបានរួមចំណែក នាំមកនូវសន្តិភាពជូនកម្ពុជាផងដែរ។ លោកពិតជារីករាយចំពោះការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ បើទោះបីប្រទេសកម្ពុជាធ្លាប់បានធ្លាក់ក្នុងរបបខ្មែរក្រហមដល់ចំណុចសូន្យយ៉ាងណាក្តី។
លោក អូអ៉ិណូ អាត់ស៊ូហ្ស៉ី បានបន្តទៀតថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ មិនថានៅកម្ពុជា ឬនៅប្រទេសជប៉ុននោះទេ សេដ្ឋកិច្ចប្រទេសសុទ្ធតែបានធ្លាក់ចុះ តែពេលនេះនៅប្រទេសកម្ពុជា ក្រោយពីបើកសេដ្ឋកិច្ចឲ្យដំណើរការជាប្រក្រតីឡើងវិញ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងនោះការវិនិយោគរបស់ជប៉ុននៅកម្ពុជាក៏មានការងើបឡើងវិញជាមួយគ្នានេះផងដែរ។
លោកបន្តទៀតថា ប្រទេសជប៉ុនបានជួយរាជធានីភ្នំពេញ លើការដោះស្រាយបញ្ហាទឹកជំនន់ ដែលគម្រោងនេះទទួលបានជោគជ័យ។ ដោយឡែក បញ្ហាចរាចរណ៍ ជប៉ុនសន្យាថា នឹងរួមចំណែកដោះស្រាយជាមួយនឹងរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យបញ្ហាចរាចរណ៍អាចដោះស្រាយបាន។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរថែមទៀត៕