(ភ្នំពេញ)៖ គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) នឹងបង្កើនល្បឿនអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រីកការតភ្ជាប់បណ្តាញរវាងកម្ពុជា និងពិភពលោក។ នេះបើយោងតាមលោក Mohamad Izani Bin Karim មកពីក្រុមហ៊ុន Telekom Malaysia ។
ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗ ជាមួយសារព័ត៌មានពាណិជ្ជកម្មឈានមុខគេTelecom Asia លោក Izani Bin Karim នាយកគ្រប់គ្រង ទូទៅផ្នែក Carrier Network Development, Global & Wholesale របស់ក្រុមហ៊ុន Telekom Malaysia បានលើកឡើងអំពីសារៈសំខាន់ នៃខ្សែកាប្លិ៍ក្រោមបាតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ពិសេសកម្ពុជា ដែលរហូតមកទល់នឹងពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ អ៊ីនធឺណិតនៅមានកម្រិតទាបនៅឡើយ។
លោក Izani Bin Karim បានថ្លែងថា «កម្ពុជាកំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើបណ្តាញលើដីគោក ដោយសារកម្ពុជាត្រូវឆ្លងកាត់វៀតណាម ឬថៃ ដើម្បីតភ្ជាប់ជាមួយពិភពលោក ព្រមទាំងការទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប ដូច្នេះកម្ពុជា នៅមានភាពយឺតយ៉ាវ បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់នេះ»។
លោកបន្តថា ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT មិនត្រឹមតែភ្ជាប់បណ្តាញចូលមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង មានបណ្តាញសាកល្បងមួយ ដែលតភ្ជាប់ទៅកាន់ប្រទេសឡាវ និង មីយ៉ាន់ម៉ា ហើយដែលបណ្តាញនេះតភ្ជាប់ជាមួយថៃ និងវៀតណាម។
ក្រុមហ៊ុន Telcotech ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនផ្គត់ផ្គង់ សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា អ៊ីហ្ស៊ីខម ជាសមាជិកដ៏សំខាន់មួយ របស់សម្ព័ន្ធក្រុមហ៊ុន ដែលនៅពីក្រោយគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT រួមជាមួយនឹងក្រុមហ៊ុន Telekom Malaysia និងក្រុមហ៊ុន Symphony Communications របស់ប្រទេសថៃ។
លោក Yves Schaeffer អគ្គនាយកក្រុមហ៊ុនអ៊ីហ្ស៊ីខម បានឲ្យដឹងថា «ប្រព័ន្ធខែ្សកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT នឹងផ្តល់ អត្ថប្រយោជន៍ ដល់ប្រទេសនៅទូទាំងតំបន់ ដោយកម្ពុជានឹងមានភាពងាយស្រួលជាងមុន ក្នុងការតភ្ជាប់បណ្តាញជាមួយប្រទេសជិតខាង ក៏ដូចជាពង្រីកការតភ្ជាប់បណ្តាញទៅកាន់ពិភពលោក។ ខណៈដែលសហគមន៍អាស៊ានកាន់តែរីកធំឡើង ប្រព័ន្ធខែ្សកាប្លិ៍នេះនឹងបើក ឱកាសកាន់តែប្រសើរថែមទៀត សម្រាប់ការទំនាក់ទំនង ការផ្លាស់ប្តូរវប្បធម៌ ដៃគូអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ»។
ក្រុមហ៊ុនអ៊ីហ្ស៊ីខម ត្រូវបានបង្កើតឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បណ្តា សហគ្រាសអាជីវកម្មទាំងឡាយ ព្រមទាំងអ្នកប្រើប្រាស់ នៅតាមគេហដ្ឋាន ដែលកំពុងមានតម្រូវការកើនឡើងយ៉ាងឆាប់រហ័សក្នុងទីផ្សារកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងនៅក្នុង ឆ្នាំ២០០៧ អ៊ីហ្ស៊ីខម បានក្លាយខ្លួនជាអ្នកនាំមុខគេមួយ ក្នុងការផ្គត់ផ្គង់សេវាកម្មផ្នែកទំនាក់ទំនងថ្មីៗយ៉ាងសម្បូរបែប។
ពិសេសក្រុមហ៊ុនអ៊ីហ្ស៊ីខម ផ្តល់នូវសេវាខ្សែកាប្លិ៍អុបទិក ការទំនាក់ទំនងជាសំឡេងតាមអ៊ីនធឺណិត (VoIP) ការតភ្ជាប់ក្នុងស្រុក (VPN) និងដំណោះស្រាយតាមអ៊ីនធឺណិត និងទូរគនាមគមន៍ ដទៃទៀត។ ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានទិញយក ក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក Telcotech ដែលនឹងនាំមកនូវសេវាអ៊ីនធឺណិតដែលមានល្បឿនលឿន និងទុកចិត្តបំផុតមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយនេះតាមរយៈ ការបង្កើតខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)៕