(ភ្នំពេញ)៖ អគារ EXCHANGE SQUARE របស់ក្រុមហ៊ុន Hongkong Land ជាអគារអភិវឌ្ឍន៍ពហុមុខងារ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ត្រូវបានប្រកាសជាផ្លូវការ ក្នុងពិធីបញ្ចប់ការសាងសង់គ្រោងដំបូលអគារនេះហើយ ដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល សហគមន៍ធុរកិច្ច និងដៃគូសំខាន់ៗជាច្រើនរូបទៀត រួមមាន លោក Y K Pang អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Hongkong Land លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា និងលោក Raymond Chow នាយកប្រតិបត្តិក្រុមហ៊ុន Hongkong Land។
លោក Y K Pang អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Hongkong Land បានថ្លែងថា «នេះគឺជាជោគជ័យដ៏សំខាន់មួយរបស់អគារ EXCHANG SQUARE ដោយយើងបានប្រារព្ធពិធីរួមគ្នា ជាមួយតំណាងរាជរដ្ឋាភិបាល ដៃគូនានា និងភតិកៈរបស់យើង នៅទីតាំងអចលនទ្រព្យលំដាប់ពិភពលោកមួយនេះ ដែលស្ថិតក្នុងតំបន់ប្រកបដោយសក្ដានុពល ក្នុងរាជធានីភ្នំពេញ។ កំណើននៃការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តពីភតិកៈ គឺជាសញ្ញាមួយបង្ហាញថា អគារ EXCHANGE SQUARE គឺកំពុងតែសម្រេចបានតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីក្លាយជាកាតាលិករសម្រាប់សកម្មភាពជំនួញ និងហាងទំនើបនៅក្នុងរាជធានី នៃប្រទេសកម្ពុជា»។
ក្នុងចំណោមភតិកៈការិយាល័យក្នុងអគារ EXCHANGE SQUARE រួមមានស្ថាប័នហិរញ្ញវត្ថុឈានមុខក្នុងតំបន់ ដូចជាធនាគារ CIMB Bank ធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនជំនួញរបស់ជប៉ុន Mitsui & Co. ផងដែរ។ ចំពោះភតិកៈហាងទំនើបសំខាន់ៗវិញ រួមមានក្រុមហ៊ុន Starbucks ក្រុមហ៊ុន Yves Rocher និង ផ្សារទំនើបលក់ម្ហូបឆ្ងាញ់ៗ ដែលគ្រប់គ្រងដោយដោយក្រុមហ៊ុនវិនិយោគរួមក្នុងរាជធានីភ្នំពេញ។
ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំនេះ អគារ EXCHANGE SQUARE ជាអគារការិយាល័យលំដាប់ថ្នាក់ទី1 (Grade A) និងជាផ្សារទំនើបបែបសម័យថ្មី។ នៅក្នុងដំណាក់កាលដំបូង អគារ EXCHANGE SQUARE នឹងផ្តល់ទំហំ ៣៩,៧០០ម៉ែត្រការ៉េ (39,700 ម2) សម្រាប់ទីតាំងការិយាល័យ និងហាងលក់ទំនិញ ក៏ដូចជាចំណតសម្រាប់រថយន្តរហូតដល់ទៅ៦៥០ គ្រឿងទៀតផង ហើយអគារ EXCHANGE SQUARE មានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ក្នុងតំបន់កំពុងរីកលូតលាស់ផ្នែកហិរញ្ញវត្ថុ និងជាតំបន់ហ៊ុំព័ទ្ធទៅដោយមហាវិថីសំខាន់ៗ។ អចលនទ្រព្យនេះ រួមចំណែកដល់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Hongkong Land ក្នុងការបន្តជំរុញកំណើនប្រតិបត្តិការ ពាណិជ្ជកម្មអចលនទ្រព្យ របស់ក្រុមហ៊ុនមេ ក្នុងតំបន់ប្រមូលផ្តុំដោយអាជីកម្មនៅទូទាំងទ្វីបអាស៊ី។
ក្រុមហ៊ុន Hongkong Land មានឈ្មោះល្បីល្បាញចំពោះស្នាដៃសំណង់ ការគ្រប់គ្រងអចលនទ្រព្យ និងសេវាអតិថិជន ដែលប្រកបទៅដោយគុណភាពរបស់ខ្លួន ហើយក្រុមហ៊ុនកំពុងអនុត្ត នូវបទដ្ឋាន និងជំនាញឈានមុខក្នុងឧស្សាហកម្មនេះ ដើម្បីធ្វើការអភិវឌ្ឍ ដែលនឹងកំណត់បានជាបទដ្ឋានថ្មីមួយ សម្រាប់ការអភិវឌ្ឍផ្នែកពាណិជ្ជកម្មនៅកម្ពុជា៕