(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានជំរុញដល់ក្រុមការងារបូបខ្សាច់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ត្រូវពន្លឿនការស្ថាបនាសួនច្បារមាត់ព្រែកកំពុងបាយកំពត និងវឌ្ឍនភាពស្ថាបនាឆ្នេរលេងទឹក ចន្លោះស្ពានថ្មីដល់ស្ពានរថភ្លើង ក្នុងក្រុងកំពត ឱ្យបានឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋ ភ្ញៀវទេសចរ មកសម្រាកកម្សាន្តក្នុងខេត្ត កាន់តែច្រើឡើងបន្ថែមទៀត។

ថ្លែងជំរុញបែបនេះ ខណៈលោកអភិបាលខេត្ត ម៉ៅ ធនិន ដឹកនាំក្រុមការងារ មន្ត្រីរាជការ អាជ្ញាធម៌និងអ្នកពាក់ព័ន្ធ ចុះពិនិត្យសួនច្បារដែលត្រូវកែលម្អ តាមមាត់ព្រែកក្នុងក្រុងកំពត និងវឌ្ឌ្ឍនភាពការស្ថាបនាឆ្នេរលេងទឹកចន្លោះស្ពានថ្មី ដល់ស្ពានរថភ្លើង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានបន្តដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យសួនច្បារក្នុងក្រុងកំពត ដែលនឹងត្រូវកែលម្អឡើងវិញ ដោយរុះរើការ៉ូឡាចាស់ ហើយក្រាលជំនួសដោយថ្មម៉ាប ព្រមទាំងមានការដាំដើមឈើ បំពាក់ប្រព័ន្ធភ្លើងលម្អ ដើម្បីធ្វើយ៉ាងណាឱ្យសួនច្បារក្នុងក្រុងកំពតនេះមានភាពស្រស់ស្អាត និងមានភាពទាក់ទាញ។

ចំពោះគម្រោងកែលម្អសួនច្បារក្នុងក្រុងកំពត ដែលស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល គឺត្រូវធ្វើឡើងចាប់ពីសួនច្បារផ្សារក្រណាត់ចាស់ រហូតដល់រង្វង់មូលនាគព័ន្ធ ដែលសួនច្បារទាំងនោះនឹងក្លាយទៅជាសួនកម្សាន្ត ដែលមានភាពទាក់ទាញ ដោយសួនច្បារនេះមានដូចជា៖ វិថីម្ហូបអាហារ កន្លែងលក់បន្ថែធម្មជាតិ កន្លែងស្តាប់តន្ត្រី ភោជនីយដ្ឋានផ្សាររាត្រី និងបំពាក់នូវភ្លើងពិដានពីលើសួនច្បារ ព្រមទាំងមានកន្លែងចតរថយន្តផងដែរ។

បន្ទាប់ពីចុះពិនិត្យទីតាំងកែសម្អសួនច្បារក្នុងក្រុងកំពតរួចមក លោកអភិបាលខេត្ត ក៏បានបន្តចុះទៅពិនិត្យវឌ្ឍនភាពនៃការ ស្ថាបនាឆ្នេរសម្រាប់លេងទឹក ចន្លោះពីស្ពានថ្មីដល់ស្ពានរថភ្លើងដែលកំពុងរៀបចំ៕