(ឡាវ)៖ ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ម និងឧស្សាហកម្មឡាវ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីក្រុងវៀងច័ន្ទ។
កិច្ចប្រជុំនេះ ផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ និងមានការពិភាក្សាផ្លាស់ប្ដូរយោបល់ អំពីកាលានុវត្តភាពបរិយាកាស វិនិយោគ និងវិស័យសក្តានុពលផងដែរ។
ក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរាបអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស ។
អ្នកឧកញ៉ា បានថ្លែងថា «ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរឯកភាពគ្នា លើកទឹកចិត្តឱ្យពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា ដើម្បីជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ»។
ទន្ទឹមនេះដែរ អ្នកឧកញ៉ា ក៏បានបន្តថា «សម្តេចតេជោបានលើកទឹកចិត្តឱ្យភាគីទាំងពីរ បង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ»។
ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក៏បានជជែកពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងក្រុមហ៊ុននានា នៃបណ្ដាប្រទេសទាំងពីរ ដោយបានបង្ហាញសក្ដានុពលជូនគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏នឹងបន្តធ្វើកិច្ចសហប្របត្តិការបន្តទៀត។
លោក ឧដេត សុវណ្ណាវង្ស ប្រធានសភាពាណិជ្ជកម្មកម្ម និងឧស្សាហកម្មឡាវបានថ្លែងនូវការអរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលឆ្លៀតពេលវេលាមមាញឹក ដើម្បីបង្ហាញពីសក្តានុពលនានា និងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងឡាវ ស្របតាមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល ដែលជំរុញឲ្យទំហំពាណិជ្ជកម្មកើនឡើង ដើម្បីផលប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។
ប្រធានសភាពាណិជ្ជកម្មឡាវ ក៏បានជំរុញឲ្យអ្នកវិនិយោគកម្ពុជាមកបណ្តាក់ទុននៅឡាវផងដែរ។ ជាមួយគ្នា ភាគីឡាវក៏បានលើកឡើង អំពីបញ្ហាតម្លៃជើងហោះហើរ ដែលអាចធ្វើឲ្យអ្នកទេសចរ មិនទាន់មានចំនួនច្រើនទៅវិញទៅមក ដោយសារតែតម្លៃសំបុត្រយន្តហោះមានតម្លៃខ្ពស់។
ក្នុងន័យនេះភាគីឡាវ ស្នើសុំឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជា-ឡាវ គិតគូរពីបញ្ហាតម្លៃ ប្រសិនបើតម្លៃទាប ជាកត្តាជំរុញទេសចរណ៍ផងដែរ។
បន្ទាប់ពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានជជែកពិភាក្សាគ្នារួច សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកម្ម និងឧស្សាហកម្មឡាវ ក៏បានឯកភាពគ្នាចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញធុរកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសផ្លាស់ប្តូរព័ត៌មាន និងគោលនយោបាយថ្មីៗ៕