(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា លោកធ្លាប់បានប្រើពេល៣ម៉ោង ដើម្បីពន្យល់សារព័ត៌មាន VOD អំពីរឿងដែលផ្សាយខុសអំពីជំនួយទៅប្រទេសតួកគី តែសារព័ត៌មាននេះមិនទទួលយកការណែនាំនោះឡើយ។
លោក ផៃ ស៉ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុង VOD គឺខ្ញុំផ្ទាល់ បានទៅសម្របសម្រួល បានទៅចំណាយពេល ៣ម៉ោង ដើម្បីពន្យល់ប្រាប់គ្រប់បែបយ៉ាងតាំងពីរបបសារព័ត៌មាន តាំងពីច្បាប់សារព័ត៌មាន អំពីការជួសជុលការផ្សាយមិនត្រឹមត្រូវ ផ្សាយពង្វៀង ផ្សាយដាក់បន្ទុកមកលើខ្ញុំផ្ទាល់ គឺអ្នកចោទថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខា គឺខ្ញុំអត់និយាយអញ្ចឹងទេ»។
លោកបន្តថា «យើងខ្ញុំបានទៅចំណាយពេល ៣ម៉ោង ប្រកបដោយភាពទន់ភ្លន់ និងកិច្ចសហការ ថា សូមឲ្យធ្វើការកែសម្រួល កែតម្រូវ ឬសុំទោស។ គេអត់ធ្វើអញ្ចឹងជាដាច់ខាត»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។
សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ ក្នុងប្រការ១ បានបញ្ជាក់ថា៖ «លុបលិខិតលេខ១៦៥ព.ម.ប្រ.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤A ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន»។
ការសម្រេចបិទនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសម្តេចបានទទួលលិខិតបំភ្លឺមួយពី VOD ដែលសម្តេចចាត់ទុកថា មិនអាចទទួលយកបាន ហើយមិនមែនជាលិខិតសុំទោស៕