(ភ្នំពេញ)៖ ស្រ្តីឈ្មោះ មាស ចន្ថន ដែលជាអ្នកប្តឹងស្រ្តីម្ចាស់ហាងអ៊ុតសក់យីហោ «អាហួយអ៊ុតសក់» ពីបទគំរាមកំហែងអាយុជីវិត របស់ខ្លួននោះ បានចេញមកអះអាងថា ខ្លួនមិនមានទំនាក់ទំនងអ្វីជាមួយមន្រ្តីនគរបាលផ្កាយ៣ ហើយលោកផ្កាយ៣ ក៏មិនមែនជាអ្នកនៅពីក្រោយខ្នង នៃការប្តឹងរបស់នាង ដូចការអះអាងរបស់ស្រ្តីជាម្ចាស់ហាងឈ្មោះ អាហួយ នោះឡើយ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ ស្រ្តីឈ្មោះ មាស ចន្ថន បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃ ដោយចោទប្រ កាន់ស្រ្តីឈ្មោះ អាហួយ ពីបទកំរាមកំហែងអាយុជីវិតរបស់នាង។ មាស ចន្ថន បានបញ្ជាក់ថា អាហួយ ដែលជាម្ចាស់ ហាងអ៊ុតសក់ មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ម្ដុំលក់ស៊ុបគោតែងបានធ្វើការ គំរាមកំហែងអាយុជីវិតរបស់នាង បន្ទាប់ពីរូបនាងបានដឹងរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនិងការនាំនារីក្មេងៗឲ្យបម្រើកាមតណ្ហារបស់តាតា។
បន្ទាប់ពីស្រ្តី មាស ចន្ថន បានធ្វើការប្តឹងផ្តល់បែបនេះ ហើយត្រូវបានព័ត៌មានចុះផ្សាយយ៉ាងសាយសុះផងនោះ ស្រ្តីម្ចាស់ហាងអ៊ុតសក់ ឈ្មោះ អាហួយ នៅថ្ងៃទី២៨ ខែមិថុនា បានចេញមកបកស្រាយតប ហើយថែមទាំងបរិហារកេរ្តិ៍ទៅលើមន្រ្តីនគរបាលផ្កាយ៣ម្នាក់។ អាហួយ អះអាងថា មន្រ្តីនគរបាលផ្កាយ៣ ជាអ្នករៀបចំ និងនៅពីក្រោយខ្នងដោយមន្រ្តីនគរបាលផ្កាយ៣ នៃការប្តឹងផ្តល់និងបំប៉ោង ព័ត៌មាន រឿងជួញនារីក្មេងៗឲ្យជាចំណីតណ្ហារបស់តាតា។
ក្រោយពីឃើញការបកស្រាយរបស់អាហួយ បែបនេះ ស្រ្តីឈ្មោះ មាស ចន្ថន ដែលជាម្ចាស់បណ្តឹង បានប្រតិកម្មតប ដោយមានធ្វើលិខិត បញ្ជាក់មកកាន់អង្គភាព Fresh News នៅថ្ងៃទី២៩ ខែមិថុនា ថា មន្រ្តីនគរបាលផ្កាយ៣ មិនមានទំនាក់ទំនងអ្វីជាមួយរូបនាងហើយ ក៏មិនបាន ស្ថិតនៅពីក្រោយរឿងនេះឡើយ។
ស្រ្តី មាស ចន្ថន បានបញ្ជាក់ពីដំណើររឿងថា កាលដើមឡើយម្ចាស់ហាងអ៊ុតសក់ អាហួយ តែងបានយកឈ្មោះមន្រ្តីនគរបាលផ្កាយ៣ រូបនេះ ទៅគំរាមរូបនាងជាញឹកញាប់ ដែលនាំឲ្យរូបនាងមានការភ័យខ្លាច។ ដោយការភ័យខ្លាច ហើយចង់ដឹងការពិតថា តើលោកនគរបាលផ្កាយ៣ ពិតជានៅពីក្រោយរឿងនេះដែរឬយ៉ាងណានោះ? រូបនាង ក៏ស្រាវជ្រាវរកលេខទូរស័ព្ទលោកផ្កាយ៣ ពីឈ្មោះ អានិច អ្នកធ្វើការនៅក្នុងហាងអ៊ុតសក់អាហួយ។ ក្រោយពេលបានលេខទូរស័ព្ទ ក៏ទូរស័ព្ទសួរនាំ ហើយដឹងរឿងថា លោកផ្កាយ៣ មិនមានអ្វីពាក់ព័ន្ធ ឬ នៅពីក្រោយម្ចាស់ហាងអ៊ុតសក់ អាហួយ នោះឡើយ។
ស្រ្តី មាស ចន្ថន បានបន្តថា បន្ទាប់ពីសួរដឹងរឿងហើយ រូបនាង ក៏បានសូមឲ្យលោកមន្រ្តីនគរបាលផ្កាយ៣នេះ ជួយណែនាំពីរបៀប និងកន្លែងដាក់ពាក្យបណ្តឹងទៅលើម្ចាស់ហាង អាហួយ តែម្តង។
ខាងក្រោមជាលិខិតបំភ្លឺរបស់ស្រ្តីឈ្មោះ មាស ចន្ថន៖