(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជម្រុញឱ្យអាជ្ញាធរ និងស្នងការដ្ឋាននគរបាលខេត្ត ត្រួតពិនិត្យ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលហួសសុពលភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ឱ្យបានគ្រប់ៗគ្នាឡើងវិញ ដើម្បីពួកគាត់មានសិទ្ធប្រើប្រាស់លើការងារផ្សេងៗ នាថ្ងៃខាងមុខ។

លោកបានជម្រុញបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖ ១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៧ ឆ្នាំទី៤ អាណត្តទី៣ របស់ក្រុមប្រឹក្សាខេត្ត, ២៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត, ៣៖ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់ខេត្តពោធិ៍សាត់, ៤៖ របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និង៥៖ បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនោះ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដោយស្មោះ ចំពោះការដឹកនាំរបស់រដ្ឋបាលខេត្ត ដែលមានលោក ខូយ រីដា ជាអភិបាលខេត្ត មានយន្ដការច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ ចុះជាប់ជាមួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ហើយមានទេពកោសល្យ ក្នុងការដោះស្រាយបញ្ហា និងសំណូមពរជូនប្រជាពលរដ្ឋទៀតផង។ លោកសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ពិនិត្យឱ្យបានច្បាស់លាស់ និងយុត្តិធម៌ ចំពោះការផ្ដល់ប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋក្នុងភូមិ, យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ព្រោះពួកគាត់ពុំមានមុខរបរអ្វីក្រៅពីការធ្វើនេសាទនោះទេ។ ការកែសម្រួលដីតំបន់២ តំបន់៣ ត្រូវធ្វើផែនទីថ្មីឱ្យរួចរាល់មុនចូលឆ្នាំខ្មែរ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានោះ លោកបានបន្តដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ពិសេសទំនាស់ដីធ្លីតែម្ដង។ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរវិស័យ បន្តចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ អំពីការខូចខាតផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធនានា ក្រោយពីលិចទឹកជំនន់កន្លងមកនេះ ដើម្បីដោះស្រាយស្ដារឡើងវិញ។ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សហការជាមួយមន្ត្រីជំនាញ ត្រូវបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ ល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន និងការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋជាដើម។

ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងក្រមសីលធម៌ ដល់មន្ត្រីបម្រើសេវាជូនប្រជាពលរដ្ឋ ពិសេសមន្ត្រីឃុំសង្កាត់ ស្មៀន មេប៉ុស្ដិរដ្ឋបាល មេភូមិ ប្រធានមណ្ឌលសុខភាព និងច្រកចេញចូលតែមួយ ធ្វើយ៉ាងណាលុបបំបាត់ភាពអសកម្ម អំពើពុករលួយ បក្ខពួកនិយម ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ៕