(វៀងច័ន្ទ, ឡាវ)៖ លោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ បានបង្ហាញក្តីរំពឹងរបស់ខ្លួនថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសឡាវនាពេលនេះ នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបងប្អូនកម្ពុជា និងឡាវ កាន់តែល្អប្រសើរ។
ការគូសរំលេចរបស់ប្រធានរដ្ឋសភាឡាវ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ។
ក្នុងជំនួបនោះ លោកបណ្ឌិត សៃស៊ុមផន ភុមវិហាន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅឡាវ។
ប្រធានរដ្ឋសភាឡាវ បានចាត់ទុកថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ទៅកាន់ប្រទេសឡាវនៅពេលនេះ នឹងជួយជំរុញ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងជាប្រទេសដន្លងជាមួយគ្នា ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយនោះ។
លោកប្រធានរដ្ឋសភា បានផ្តាំផ្ញើសាកសួរសុខទុក្ខ ជូនចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះប្រធានសភាឡាវ ដែលបានទទួលជួបធ្វើកិច្ចសន្ទនាជាមួយសម្តេច។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសឡាវនៅពេលនេះ និងជួយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឱ្យកាន់តែ រឹងមាំទ្វេឡើងថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះស្ថាប័ននីតិប្រតិបត្តិឡាវ ដែលបានគាំទ្រដល់រដ្ឋាភិបាលឡាវ ក្នុងការផ្តល់សច្ចាបណ្ណផ្លូវច្បាប់នានា ក្នុងការរួមចំណែកជួយដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា បន្ទាប់ពីជំនួបជាមួយប្រធានរដ្ឋសភាឡាវហើយនោះ សម្តេចតេជោ បានអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសំដែងការគួរសមផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា មានសេចក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងការជួយគ្នាទៅវិញទៅមក ពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកថា សមាគមមិត្តភាពឡាវ-កម្ពុជា និងសមាគមកម្ពុជា-ឡាវ បានធ្វើកិច្ចការជាច្រើនលើផ្នែកមនុស្សធម៌ និងការជួយគ្នាទៅវិញទៅមក។ សម្តេចតេជោ បានស្នើឱ្យសមាគមន៍ទាំងពីរ បន្តនូវស្មារតីស្រឡាញ់រាប់អានគ្នា និងជួយគ្នាទៅវិញទៅមក ពិសេសជួយគ្នានៅពេលមានទុក្ខលំបាកដូចគ្នា៕