(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ប្រគល់ថវិកាសប្បុរសធម៌១១,៣៨៥,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា និងធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
ការប្រគល់ថវិកាសប្បុរសធម៌នេះធ្វើឡើងនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយលោក ណី សាកលអគ្គនាយករងនៃ ន.ប.ធ., លោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ, និងលោក ហាយ សុវណ្ណា ប្រធានស្តីទីនាយកដ្ឋានចុះបញ្ជីបរធនបរធនបាលកិច្ច ដែលបានពាំនាំយកថវិកាដែលជាការបរិច្ចាគពីថ្នាក់ដឹកនាំ និងមន្ត្រី នៃ ន.ប.ធ. ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន១១,៣៨៥,០០០រៀល ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា និងធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានចុះបញ្ជីជាបរធនបាលកិច្ចសាធារណៈនៅនិយ័តករបរធនបាលកិច្ច ដោយអនុលោមតាមច្បាប់ស្តីពីបរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕